(ប៊ែរ៉ូត)៖ ការបំផ្ទុះរថយន្តអត្តឃាតមួយបានកើតឡើងនៅថ្ងៃសៅរ៍ ស្ថិតនៅក្បែររថយន្តក្រុងជាច្រើនគ្រឿង នៅទីក្រុងជាប់ជាយខេត្ត អាឡេប៉ូ ដែលទាហានស៊ីរីទើបតែទទួលបានមកវិញពីពួកឧទ្ទាម បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០០នាក់ និងរងរបួសជាង ៥០នាក់ទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពី CNN នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហារខាងលើនេះកើតឡើងនៅក្នុងសង្កាត់ Rashidin នៃភាគខាងលិចខេត្តអាឡេប៉ូ ដែលមានគោលដៅទៅលើប្រជាជនដែលភៀសខ្លួនពីទីក្រុង Fuaa និង Kafraya ដែលរដ្ឋាភិបាលស៊ីរីទទួលកាន់កាប់មកវិញ បន្ទាប់ពីមានការព្រមព្រៀងគ្នាជាមួយពួកឧទ្ទាម។
គួរបញ្ជាក់ថា ជនបំផ្ទុះអត្តឃាតម្នាក់បានឱបគ្រាប់បែកចូលទៅក្បួនរថយន្តមួយ ដែលចតនៅក្បែររថយន្តក្រុងដឹកមនុស្សភៀសខ្លួនជាច្រើន រួចក៏បំផ្ទុះខ្លួនឯងឡើងតែម្តង។ មនុស្សស្លាប់អាចនឹងបន្តកើនចំនួនថែមទៀត ក៏ព្រោះតែអ្នករងរបួសមានរហូតដល់ទៅរាប់សិបនាក់ទៀតឯណោះ។ រដ្ឋបាលស៊ីរីបានអះអាងថា វាជាទង្វើរបស់ក្រុមភេរវករ (ចង់សំដៅលើក្រុមប្រឆាំងទាំងអស់ រួមទាំងក្រុម ISIS ផងដែរ)៕