(តូក្យូ)៖ មិនត្រឹមតែត្រៀមធ្វើការជម្លៀសប្រជាជនខ្លួនចំនួនជាង ៥៧,០០០នាក់ ចេញពីកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប្រទេសជប៉ុននៅចង់ធានាខ្លួនធ្វើជាអ្នកទទួលយក ជនភៀសខ្លួន ពីកូរ៉េខាងជើង ក្នុងករណីដែលភាពតានតឹងឈានទៅដល់ការផ្ទុះសង្គ្រាមឡើងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph និងសារព័ត៌មានជប៉ុន នាយប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។
សេចក្តីរាយការណ៍ខាងលើនេះបានឲ្យដឹងថា ប្រទេសជប៉ុននឹងស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េខាងត្បូងជាមុន ដើម្បីបញ្ជូនយន្តហោះយោធា និងស៊ីវិលទៅកាន់កូរ៉េខាងត្បូង រួចដឹកប្រជាជនខ្លួនត្រឡប់មកប្រទេសវិញ។ បច្ចុប្បន្នភាពតានតឹងត្រូវបានគ្រប់គ្នាមើលឃើញជាក់ស្តែងថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េពិតជាផុយស្រួយជាងពេលណាៗទាំងអស់ ដោយវានឹងអាចផ្ទុះសង្គ្រាមភ្លាមៗប្រសិនបើកូរ៉េខាងជើង ធ្វើការបំផ្ទុះនុយក្លេអ៊ែរ ព្រោះអាមេរិកបានធ្វើការព្រមានច្បាស់ៗ តាមរយៈការបញ្ជូននាវាដឹកយន្តហោះចម្បាំង មកក្បែរឧបទ្វីបកូរ៉េរួចជាស្រេច។
គួរបញ្ជាក់ថា ទោះបីជាសង្គ្រាមមិនទាន់ផ្ទុះឡើងក្តីក៏រដ្ឋាភិបាលជប៉ុនបានបង្ហាញក្តីព្រួយបារម្ភ និងដំណោះស្រាយរួចជាស្រេច ជាពិសេសនោះគឺទៅលើជនភៀសខ្លួន មកពីកូរ៉េខាងជើង ដែលនឹងអាចធ្វើដំណើរមកតាមទូក ហើយក្នុងនោះក៏នឹងអាចមានបង្កប់ អ្នកស៊ើបការណ៍សម្ងាត់របស់ទីក្រុងព្យុងយ៉ាងផងដែរ។ ប្រធានគណរដ្ឋមន្ត្រីជប៉ុន បានលើកឡើងកាលពីថ្ងៃសុក្រថា ជប៉ុនបានតាមដាន និងទទួលព័ត៌មានថ្មីពីកូរ៉េខាងជើងជានិច្ច ប៉ុន្តែជប៉ុនមិនអាចធ្វើការបង្ហើបវាជាសាធារណនោះឡើយ៕