Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាជាច្រើនរយនាក់ នាំគ្នាស្រែកគាំទ្ររដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការសម្លុតគំរាមកំហែងពីសំណាក់កូរ៉េខាងជើង

15-04-2017 19:11

(សេអ៊ូល)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ ប្រជាជនកូរ៉េខាងត្បូងជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ដោយនាំគ្នាស្រែកប្រកាសដោយគាំទ្រ រដ្ឋាភិបាលរបស់ពួកគេ ដើម្បីប្រឆាំងនឹងការសម្លុតគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ដែលចង់បាញ់ប្រហារនិងកំទេចវិមានប្រធានាធិបតីកូរ៉េខាងត្បូង និងមូលដ្ឋានទ័ពរបស់អាមេរិក។

ប្រជាជនកូរ៉េខាងត្បូងដែលប្រមូលផ្តុំគ្នានោះ បានកាន់ទង់ជាតិកូររ៉េខាងត្បូង និងទង់ជាតិរបស់សហរដ្ឋអាមេរិក ហើយក៏បានស្រែកផងដែរថា «ពួកយើងមិនចាញ់ការសម្លុត កូរ៉េខាងជើងនោះឡើយ ត្រូវតែប្រឆាំងដាច់ខាតដើម្បីការពារទឹកដីរបស់យើង»

ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពនៅឧបទ្ធីបកូរ៉េ មានភាពតានតឹងខ្លាំងបំផុត ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងផ្ទុះសង្រ្គាមគ្រប់ពេលវេលា។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះផងដែរ កូរ៉េខាងជើង បានរៀបចំពិធីដ៏ធំដុំបំផុតដើម្បីអបអរ «ទិវានៃព្រះអាទិត្យ» ដែលចង់សំដៅទៅលើពន្លឺនៃការចាប់កំណើតទី១០៥ឆ្នាំ របស់បិតាស្ថាបនិក គឺលោក គីម អ៊ីលស៊ុល ជាមេដឹកនាំជំនាន់ទីមួយនៅកូរ៉េខាងជើង ដែលបានប្រសូត្រកាលពី១០៥ឆ្នាំមុន និងបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤។

នៅក្នុងពិធីថ្ងៃខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក គីម អ៊ីលស៊ុង កូរ៉េខាងជើងបានបង្អួតគ្រាប់មីស៊ីលសម្រាប់ បំពាក់លើនាវាមុជទឹក Pukkuksing-2 SLBMs ជាសាធារណលើកដំបូង។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើត​ឡើង ខណៈមានការវិភាគថា នឹងមានការបំផ្ទុះអាវុធនុយក្លេអ៊ែរ ដែលជាការបង្ខំឲ្យអាមេរិក​ បញ្ជូននាវាដឹក​យន្តហោះចម្បាំង​មកកាន់ឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់​នឹងការបង្កហេតុនេះ៕