(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក ទើបតែបង្ហាញនូវមហាកំពូលគ្រាប់បែកដ៏ធំអស្ចារ្យ Mother of all bombs ឬ MOAB នៅអាហ្វហ្គានីស្ថាន ដែលបានសម្លាប់ភេរវករជិត៩០នាក់ ហើយដែលខ្លួនអះអាងថា ជាគ្រាប់បែកមិនមែននុយក្លេអ៊ែរ ធំជាងគេលើពិភពលោក ប៉ុន្តែពេលនេះប្រទេសរុស្ស៊ីបានចេញមុនអះអាងវិញម្តងថា ទីក្រុងម៉ូស្គូមានគ្រាប់បែក Father of all bombs ដែលធំនិងខ្លាំងជាង MOAB របស់អាមេរិក ៤ដងឯណោះ ដែលវាបានធ្វើឲ្យគ្រាប់បែកអាមេរិក ក្លាយជាអតីតកាលមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Business Insider នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។
គ្រាប់បែករបស់រុស្ស៊ី ដែលត្រូវបានអះអាងថា ខ្លាំងជាងមហាកំពូលគ្រាប់បែករបស់អាមេរិកខាងលើនេះ ត្រូវបានគេអះអាងថា មានសមត្ថភាពអាចកម្ទេចតំបន់ព័ទ្ធជុំវិញ កន្លែងដែលវាធ្លាក់ជាង ៣០០ម៉ែត្រ ដែលស្មើនឹងការផ្ទុះម្ស៉ៅ TNT រហូតដល់ទៅ ៤៤តោន។ គ្រាប់បែក FOAB របស់រុស្ស៊ី មានផ្ទុកនូវម៉ូលេគុលអុកស៊ីសែនពីខាងក្នុង ដែលកត្តាជំរុញឲ្យបន្ទុះរបស់វាញ័រកក្រើកបំផុត និងបង្កការវិនាសហិនហោចខ្លាំងជាងគ្រាប់បែកដទៃៗទៀត។
គួរបញ្ជាក់ថា FOAB ត្រូវបានច្នៃបង្កើតឡើងដោយក្រុមអ្នកជំនាញសព្វាវុធរុស្ស៊ី នៅឆ្នាំ២០០៧ ដើម្បីប្រើប្រាស់ក្នុងការបំផ្ទុះកម្ទេចគោលដៅ និងបំផ្លាញទីតាំងណាមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ប៉ុន្តែវាមិនមែនជាគ្រាប់បែក ផ្ទុកសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរនោះឡើយ៕