(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធាអាមេរិកប្រចាំ នៅប្រទេសអាហ្វហ្គានីស្ថាន មិនបានទទួលបញ្ជា ឬស្នើសុំការអនុញ្ញាតពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការទម្លាក់មហាគ្រាប់បែក «Mother of all bombs» ទៅលើជម្រុកលាក់ខ្លួននៃក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន AP នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះមន្ត្រីរដ្ឋាភិបាលអាមេរិកបានលើកឡើងថា ទោះបីជាមុនរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចក៏អគ្គមេបញ្ជាការយោធាអាមេរិក នៅអាហ្វហ្គានីស្ថានលោក John Nicholson មានអាជ្ញាធរពេញលេញទៅលើការប្រើប្រាស់មហាគ្រាប់បែក ដែលមានឈ្មោះពេញថា Massive Ordnance Air Blast bomb ឬក៏ MOAB នោះដែរ ដែលជាគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំសម្បើម ហើយអាមេរិកមិនដែលទម្លាក់វានៅទីណានោះឡើយ ខណៈវាត្រូវដឹកដោយយន្តហោះប្រតិបត្តិការ MC-130 ដែលត្រូវបានបញ្ជូនទៅអាហ្វហ្គានីស្ថាន តាំងពីខែមករា មកម្ល៉េះ។
មន្ត្រីរដ្ឋាភិបាលអាមេរិក បានប្រាប់ទៅកាន់សារព័ត៌មាន ដោយសុំមិនបញ្ចេញអត្តសញ្ញាណអំពីបញ្ហាខាងលើនេះ ដោយចង់មានន័យថា ទោះបីជាគ្មានបញ្ជាពីលោក ដូណាល់ ត្រាំ ក៏ដោយក៏លោក John មានសិទ្ធិប្រើប្រាស់មហាកំពូលគ្រាប់បែក MOAB ដើម្បីទម្លាក់ទៅលើមូលដ្ឋានពួកភេរវករ ដែលកំពុងរៀបចំប្រតិបត្តិការគ្រោះថ្នាក់ណាមួយ មកលើយើងផងដែរ។ អាមេរិកបានទម្លាក់គ្រាប់បែក MOAB នៅតំបន់ភ្នំភាគខាងកើតអាហ្វហ្គានីស្ថាន ដោយបានកម្ទេចមូលដ្ឋានរូងភ្នំលាក់ខ្លួនរបស់ ISIS ស្ទើរតែមើលលែងយល់តែម្តង៕