(វ៉ាស៊ីនតោន)៖ គ្រាប់មីស៊ីល Tomahawk Cruise ជាអាវុធដ៏សំខាន់ក្នុងវិស័យយោធាអាមេរិក ដែលមានភាពសមត្ថភាពក្នុងការតម្រង់ទៅលើគោលដៅបាញ់ប្រហារបាន យ៉ាងច្បាស់លាស់ខ្ពស់បំផុត។ គ្រាប់មីស៊ីលចម្ងាយមធ្យមនេះ អាចបាញ់បានក្នុងចម្ងាយពី១២៨០គីឡូម៉ែត្រ ទៅជាង២៤០០ គីឡូម៉ែត្រ និងត្រូវបានបំពាក់ដោយក្បាលគ្រាប់ មិនមែនជាអាវុធនុយក្លេអ៊ែរ មានទម្ងន់រហូតដល់ជាង៤៥០គីឡូ។
អាវុធនេះត្រូវបានបាញ់ចេញពីសមុទ្រ និងធ្វើដំណើរទាបក្បែរនឹងផ្ទៃផែនដី ដើម្បីបញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដា។ អាវុធដ៏មានឥទ្ធិពលនេះអាចតម្រង់គោលដៅបាញ់ប្រហារ ដោយប្រព័ន្ធចង្អុលទិសទំនើបបច្ចេកវិទ្យាចុងក្រោយ ដែលអាចបាញ់ប្រហារគោលដៅសត្រូវ ពីចម្ងាយបានយ៉ាងច្បាស់លាស់បំផុត។
គ្រាប់មីស៊ីលប្រភេទនេះ ត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីកម្ទេចប្រទេស អ៊ីរ៉ាក់ ក្រោមការដឹកនាំរបស់លោក Saddam Hussein ក្នុងឆ្នាំ១៩៩០ ក្នុងប្រតិបត្តិការមួយមានឈ្មោះថា «បេសកកម្មព្យុះវាលខ្សាច់»។ ដោយចក្រភពអង់គ្លេស ជាសម្ព័ន្ធមិត្តដ៏គួរឱ្យជឿជាក់របស់សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញគ្រាប់មីស៊ីល Tomakawk Cruise ទុកសម្រាប់ធ្វើសង្គ្រាម។
សូមជម្រាបថា គ្រាប់មីស៊ីលនេះ មួយគ្រាប់មានតម្លៃដល់ ៨៣២,០០០ដុល្លារ ហេតុនេះសហរដ្ឋអាមេរិក បានចំណាយប្រាក់រហូតដល់ជាង៤៩លានដុល្លារអាមេរិក សម្រាប់ការបាញ់ប្រហារទៅលើប្រទេស ស៊ីរី ចំនួន៥៩គ្រាប់ កាលពីសប្តាហ៍មុន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា