(ព្យុងយ៉ាង)៖ វាមិនមែនជារឿងធម្មតាឡើយ ដែលកូរ៉េខាងជើង ធ្វើការបង្ហាញសព្វាវុធទំនើបៗរបស់ខ្លួន ក្នុងទ្រង់ទ្រាយធំ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ខណៈដែលពេលនេះគ្រាប់មីស៊ីល សម្រាប់បំពាក់លើនាវាមុជទឹក Pukkuksing-2 SLBMs ត្រូវបានទូរទស្សន៍ចេញផ្សាយរូបភាពជាបណ្តើរៗ ដែលវាកំពុងត្រូវបានរៀបចំដង្ហែពីមុខ មនុស្សម្នាទាំងឡាយ ឲ្យបានឃើញពីរូបរាងវាច្បាស់តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។
មីស៊ីលខាងលើនេះ ជាគ្រាប់មីស៊ីលសម្រាប់បំពាក់ជាប់នាវាមុជទឹក ដែលជាប្រភេទគ្រាប់មីស៊ីល អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងធ្វើការវាយប្រហារទៅលើគោលដៅយ៉ាងមានប្រសិទ្ធភាព និងគួរឲ្យខ្លាចជាទីបំផុតដែរ។ Pukkingsing-2 SLBMs ត្រូវគេដឹកនៅលើរថយន្តដ៏ធំមួយ រួចដង្ហែពីមុខលោក គីម ជុងអ៊ុន និងភ្ញៀវជាតិ-អន្តរជាតិ ដែលកំពុងតែមានវត្តមាននៅទីលានដ៏ធំ នៅកណ្តាលទីក្រុងព្យុងយ៉ាង ដែលតែងតែត្រូវបានរៀបចំ នៅក្នុងឱកាសទិវាជាតិធំៗរបស់កូរ៉េខាងជើង៕