(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានហៅការបាញ់មីស៊ីលរបស់អាមេរិក ចំនួន៥៩គ្រាប់ ទៅលើប្រទេសស៊ីរីនោះថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ហើយទីក្រុងព្យុងយ៉ាងអំពាវនាវ ឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ «ភាពស្លន់ស្លោផ្នែកយោធា» ហើយត្រូវភ្ញាក់រឮកឡើងវិញ បើមិនដូច្នោះទេកូរ៉េខាងជើង នឹងធ្វើការតបតឲ្យចាស់ដៃ ក្នុងករណីមានការបង្កហេតុណាមួយឡើង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញសារព័ត៌មាន RT នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។
បន្ថែមពីខាងលើនេះទៀត សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា សហរដ្ឋអាមេរិកគួរតែទទួលការដាក់ទោសទៅតាមច្បាប់អន្តរជាតិ ចំពោះការវាយប្រហារដោយយោធា ទៅលើប្រទេសស៊ីរី ដែលវាពិតជាសកម្មភាពដ៏គគ្លើន និងជាឧក្រិដ្ឋកម្មសង្គ្រាមសុទ្ធសាធតែម្តង។ កូរ៉េខាងជើងក៏បានបន្ថែមទៀតដែរថា «សកម្មភាពយោធាដ៏ស្លន់ស្លោរបស់ ដូណាល់ ត្រាំ បានឈានទៅដល់កម្រិតដ៏គ្រោះថ្នាក់មួយទៅហើយ ដូច្នេះកូរ៉េខាងជើងមានតែបង្ខំ នឹងធ្វើការវាយបកប្រឆាំងនឹងអាមេរិក ដោយឥតមេត្តាបន្តិចនោះឡើយ ដើម្បីកុំឲ្យពួកគគ្លើនរស់រានបានតទៅទៀត»។
គួរបញ្ជាក់ថា នៅអំឡុងពាក់កណ្តាលខែមេសានេះ គឺកូរ៉េខាងជើងតែងតែរៀបចំពិធីដ៏ធំដុំបំផុត ដើម្បីអបអរ «ទិវានៃព្រះអាទិត្យ» ដែលចង់សំដៅទៅលើពន្លឺនៃការចាប់កំណើតរបស់បិតាស្ថាបនិក គឺលោក គីម អ៊ីលស៊ុល ជាមេដឹកនាំជំនាន់ទីមួយនៅកូរ៉េខាងជើង ដែលបានប្រសូត្រកាលពី ១០៥ ឆ្នាំមុន និងបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង ខណៈមានការវិភាគថា នឹងមានការបំផ្ទុះអាវុធនុយក្លេអ៊ែរ ដែលជាការបង្ខំឲ្យអាមេរិក បញ្ជូននាវាដឹកយន្តហោះចម្បាំងមកកាន់ឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់នឹងការបង្កហេតុនេះ៕