(ព្យុងយ៉ាង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើម សម្រាប់ខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដោយមានការដង្ហែជាក្បួនមានទាំងកម្លាំងយោធាចំរុះ និងសព្វាវុធទំនើបៗ ព្រមទាំងមានការចូលរួមដោយផ្ទាល់ពី មេដឹកនាំកំពូលគីម ជុងអ៊ុន ចំពោះមុខអ្នកសារព័ត៌មាន និងភ្ញៀវបរទេសដែលមានបេសកកម្មនៅ ទីក្រុងព្យុងយ៉ាងរាប់រយរូបចូលរួមផងដែរ។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញសារព័ត៌មាន RT របស់រុស្ស៊ី ដែលមានកំពុងមានវត្តមាននៅទីនោះ ស្រាប់នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។
នៅថ្ងៃទី១៦ ស្អែកដែលជាថ្ងៃធំ ត្រូវនឹងខួបកំណើតទី ១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នោះ អ្នកវិភាគជាច្រើន ដែលទទួលបានព័ត៌មានសម្ងាត់ ពីកូរ៉េខាងជើង និងការវិភាគដោយរូបភាពពីប្រព័ន្ធផ្កាយរណបឲ្យដឹងថា លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំត្រូកូល គីម ជំនាន់ទី៣ នឹងបញ្ជាឲ្យបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៦ ហើយបើពិតជាដូច្នោះមែននោះ វានឹងក្លាយជាទង្វើប្រឆាំងច្បាប់អន្តរជាតិបន្ថែមទៀតជាក់ជាមិនខាន ហើយអាមេរិកដែលកំពុងដើរតួជាអ្នកបញ្ជាឲ្យគ្រប់គ្នា គោរពច្បាប់អន្តរជាតិនោះ ក៏នឹងប្រាកដជាមិនអាចនៅស្ងៀមទៀតដែរ៕