(ម៉ូស្គូ)៖ អ្នកបកអាក្រាតរឿងសម្ងាត់ដ៏ជំនាញ WikiLeaks បានទម្លាយចេញនូវវីរុសប្រភេទថ្មី Hive ដែលវិវឌ្ឍន៍ចេញពីវីរុសស៊េរី Vault7 របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដែលតែងតែត្រូវបានប្រើប្រាស់ ដើម្បីស៊ើបការណ៍ផ្ទៃក្នុងអ្វីមួយ តាមរយៈការបញ្ចូលមេរោគ និងកំណត់គោលដៅជាក់លាក់លើទីតាំងដែលខ្លួនចស៊ើបការណ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នាយប់ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧។
វីរុសខាងលើនេះត្រូវបាន វីគីលីក (WikiLeaks) បកស្រាយថា ជាមេរោគដែលមានសមត្ថភាពច្រើន នៅក្នុងជ្រៀតចូលទៅក្នុង ប្រព័ន្ធប្រតិបត្តិការ Windows, Solaris, MikroTik, Linux និងសូម្បីតែ AVTech ដែលជាប្រព័ន្ធថតវីដអូសម្រាប់កាមេរ៉ាសុវត្ថិភាព ហើយវាពិតជាសំខាន់ណាស់សម្រាប់ CIA នៅក្នុងការតាមដាន និងបញ្ជាយ៉ាងមានប្រសិទ្ធភាពទៅលើគោលដៅ ដែលខ្លួនត្រូវចាត់ការ តាមរយៈការបញ្ចូលមេរោគ Hive ចូលក្នុងប្រព័ន្ធប្រតិបត្តិការទាំងនោះ។
គួរបញ្ជាក់ថាវីរុស Hive ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ដែលវាមានតួនាទីស្នូលធំៗពីរនោះគឺ ស្វែងរកពន្លឺនៃព័ត៌មានដំបូង និងការចាត់វិធានការលើគោលដៅតែម្តង។ ទាំងពីរចំណុចនេះគឺជួយឲ្យ CIA ជ្រៀតចូលទីតាំងដែលខ្លួនចង់បាន និងធ្វើការដាក់ពង្រាយនូវបណ្តាញស្រូបយកព័ត៌មានដ៏ពេញលេញ។ ប្រការនេះហើយទើប CIA អាចគ្រប់គ្រងនូវរាល់សកម្មភាពនានារបស់គោលដៅ ឧទាហរណ៍ដូចជាម្ចាស់កុំព្យូទ័រ ធ្វើការលុបឯកសារ, បង្ហោះ, ឬ ដកកម្មវិធីណាមួយចេញពីកុំព្យូទ័ររបស់ពួកគេក៏ CIA អាចដឹងនូវព័ត៌មានទាំងអស់នោះបានដែរ៕