(ម៉ូស្គូ)៖ នៅថ្ងៃសុក្រនេះប្រទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ និងអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ ក្នុងកម្រិតខ្ពស់បំផុត ក្នុងន័យការពារកុំឲ្យសង្គ្រាមផ្ទុះឡើងនៅតំបន់ឧបទ្វីបកូរ៉េ ជាពិសេសបន្ទាប់មានការវិភាគនានាលើកឡើងថា កូរ៉េខាងជើងនឹងធ្វើតេស្តនុយក្លេអ៊ែរ នៅថ្ងៃទី១៦ ខែមេសា ខាងមុខ ខណៈដែលអាមេរិកបានបញ្ជូនកងនាវាពិឃាតទៅឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់រឿងនេះ។ នេះបើតាម Daily Mail ចុះផ្សាយនៅយប់ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧ នេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងយ៉ាងដូច្នេះថា «ទីក្រុងម៉ូស្គូកំពុងតែសម្លឹងមើលស្ថានការណ៍ ប្រកបដោយក្តីព្រួយបារម្ភជាទីបំផុត ចំពោះភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ។ យើងអំពាវនាវឲ្យគ្រប់គ្នាអត់ធ្មត់ និងព្រមានចំពោះប្រទេសណាក៏ដោយ មិនត្រូវធ្វើឲ្យស្ថានការណ៍វិវឌ្ឍន៍កាន់តែអាក្រក់ឡើយ»។
សូមជម្រាបថា ភាពតានតឹងរវាងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងព្យុងយ៉ាងក្នុងពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលមួយ គឺដូចគ្នាទៅនឹងសម័យក្រោមការដឹកនាំរបស់លោក Harry Truman និងក្នុងអំឡុងនៃសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ដែលបានបញ្ចប់ទៅដោយយុទ្ធសន្តិភាពប៉ុណ្ណោះ មិនមែនដោយសន្ធិសញ្ញាសន្តិភាពឡើយ។ កម្តៅនៃជម្លោះនេះបានកើនឡើងជាថ្មីម្តងហើយម្តងទៀត ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចកាលពីខែមករាកន្លងទៅនេះ៕