(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាល កូរ៉េខាងជើង យ៉ាងដូច្នេះថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សង្គ្រាម ប្រសិនបើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកចង់ធ្វើ។ នេះបើតាម AP ចុះផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើការថ្លែងសារជាបន្តបន្ទាប់ជុំវិញស្ថានការណ៍ដែលត្រូវបានគ្រប់គ្នាមើលឃើញថា កំពុងតែផុយស្រួយខ្លាំងយកតែមែនទែន។ វាមានន័យថាប្រសិនបើភាគីណាមួយរវាងអាមេរិក ឬកូរ៉េខាងជើង មិនអាចទប់អារម្មណ៍បាន ហើយបង្កហេតុឡើងមុននោះ សង្គ្រាមនៅឧបទ្វីបកូរ៉េនឹងផ្ទុះឡើងតែម្តង។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់បានប្រាប់ទៅកាន់កូរ៉េខាងជើង ឲ្យសម្លឹងមើលមេរៀនប្រទេសស៊ីរី ដែលបានរងគ្រាប់មីស៊ីលអាមេរិក ៥៩គ្រាប់ ដែលវាបានបញ្ជាក់ថា អាមេរិកនឹងចាត់ការប្រទេសណាដែលរឹងទទឹងនឹងខ្លួន យ៉ាងជាក់ស្តែងដោយមិនចាំបាច់មានការព្រមានច្រើនលើកច្រើនសារទៀតនោះឡើយ៕