(វ៉ាស៊ីនតោន)៖ បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានវាយប្រហារផ្លូវរូងក្រោមដីរបស់ពួក ឧទ្ទាមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដោយប្រើប្រាស់គ្រាប់បែកដ៏មានឥទ្ធិពលបំផុតខ្លាំងជាងគ្រាប់បែកផ្សេងៗ និងជាអាវុធដែលគ្មានសារធាតុ នុយក្លេអ៊ែរធំជាងគេ មិនធ្លាប់មានពីមុនមក ក្នុងប្រតិបត្តិការបោសសម្អាតរបស់ខ្លួន បានបណ្តាលឲ្យក្រុមឧទ្ទាម ISIS ៣៦នាក់ស្លាប់ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ។
សូមជំរាប គ្រាប់បែកដែលទម្លាក់នៅអាហ្វហ្គានីស្ថាននេះ ត្រូវបានគេស្គាល់ថា ជាគ្រាប់បែក GBU-43B អាចបញ្ចេញកម្លាំងបំផ្ទុះរហូតដល់១១តោន។ វាត្រូវបានអភិវឌ្ឍន៍ឡើងនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលក្នុងពេលនោះមន្ទីរបញ្ចកោណ បានធ្វើការត្រួតពិនិត្យជាថ្មីអំពីភាពស្របច្បាប់ ក្នុងការប្រើប្រាស់គ្រាប់បែកដ៏សម្បើមមួយនេះ៕