(កូរ៉េខាងជើង)៖ ចាប់តាំងបន្តដំណែងពីឪពុករបស់លោក ក្នុងឆ្នាំ២០១១ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលទាំងការលើកសរសើរ និងការខឹងសម្បា ដោយបានបង្កើនឥទ្ធិពលរបស់ខ្លួនតាមរយៈការផ្លាស់ប្តូរពី អ្នកនយោបាយវ័យក្មេងម្នាក់ ទៅជាមនុស្សដែលពេញដោយសមត្ថភាព។
នាពេលថ្មីៗនេះ ឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូបមកពីទីក្រុង ព្យុងយ៉ាង និងទូទាំងប្រទេស បានចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសភាប្រជាជនក្នុងទីក្រុង ព្យុងយ៉ាង ដែលនេះជាកិច្ចប្រជុំដ៏ធំធេងមួយ ដោយមានលោក គីម ចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់។ ខណៈដែលលោក ត្រូវបានអបអរនឹងលើកតម្កើនដោយ ក្រុមអ្នកនយោបាយសំខាន់ៗ តើមេដឹកនាំវ័យក្មេងរូបនេះ បារម្ភខ្លាចបាត់បង់ដំណែងរបស់ខ្លួនហើយការពារដោយរបៀបណា?
* ពង្រឹងវិស័យសេដ្ឋកិច្ច៖
ចាប់តាំងពីឡើងកាន់អំណាចអស់រយៈពេលប្រាំឆ្នាំកន្លងទៅនេះ កូនប្រុសនៃត្រកូលគីមរូបនេះ បានធ្វើកិច្ចការគួរកត់សម្គាល់មួយគឺ ពង្រឹងអំណាច និងធ្វើកំណែទម្រង់ប្រទេស តាមរូបភាព និងការនឹកឃើញរបស់ខ្លួន។ ក្នុងរយៈពេលប្រាំឆ្នាំក្រោមការដឹកនាំរបស់លោក, លោក គីម បានប្រឹងប្រែងជាខ្លាំងក្នុងការសម្រេច កិច្ចការសំខាន់ៗជាច្រើនក្នុងពេលតែមួយ។
លោកបានធ្វើកំណែទម្រង់សេដ្ឋកិច្ចបានប្រសើរជាខ្លាំងជាងឪពុករបស់លោក ព្រមទាំងបានធ្វើឱ្យប្រទេសឈានមុខផ្នែកសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល។ ប៉ុន្តែសន្តិសុខជាតម្រូវការចាំបាច់ទីមួយសម្រាប់ប្រទេស កូរ៉េខាងជើង មុនពេលឈានដល់ការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
* ប្រមូលផ្តុំអំណាច៖
ការប្រមូលផ្តុំអំណាច ជាកូនសោរដ៏សំខាន់មួយទៀតសម្រាប់លោក គីម ក្នុងការក្លាយជាមនុស្សប្រកបដោយឥទ្ធិពល តែអ្វីដែលលោកបានធ្វើកន្លងមកភាគច្រើន ក្នុងរូបភាពសាហាវព្រៃផ្សៃ និងការបង្ហូរឈាមជាដើម។
តាមរយៈរបាយការណ៍មួយរបស់អ្នកវិភាគកូរ៉េខាងត្បូង វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិ បានប្រកាសថា លោក គីម ជុងអ៊ុន បានបញ្ជាឱ្យសម្លាប់មនុស្សយ៉ាង ហោចណាស់៣៤០នាក់ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១១កន្លងទៅនេះ ដោយក្នុងនោះមានមនុស្ស១៤០នាក់ ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ជាយោធា និងថ្នាក់ដឹកនាំក្នុងបក្សពលករកូរ៉េ។
* កម្មវីធីនុយក្លេអ៊ែរ៖
ចំណុចសំខាន់ក្នុងការរក្សាអំណាចរបស់លោក គីម គឺសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការពង្រីកកម្មវិធីនុយក្លេអ៊ែរ។ របបដឹកនាំរបស់លោក គឺស្ថិតនៅដំណាក់កាលស្ទើរតែជោគជ័យដើម្បីឈានដល់ការផលិតគ្រឿងសព្វាវុធ និងក្លាយជាផ្នែកមួយនៃក្លឹបនុយក្លេអ៊ែរ។
កម្មវិធីនុយក្លេអ៊ែរ បានក្លាយជាផ្នែកមួយដែលមិនអាចចរចាជាមួយប្រទេស កូរ៉េខាងជើងបាននឡើយ។ ក្នុងកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ប្រទេសកុម្មុនីសមួយនេះ នេះជាប្រទេសមហាអំណាចនុយក្លេអ៊ែរ។ បើទោះបីជាទាំងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល នៅមានកម្រិតនៅឡើយ យ៉ាងហោចណាស់វាជាប្រទេសតូចមួយ តែមានសពា្វវុធប្រកបដោយប្រសិទ្ធភាព។
ចាប់តាំងពីលោកឡើងកាន់អំណាច កម្មវិធីនុយក្លេអ៊ែរដែលលោកស្នងបន្ត បានលោកផ្លោះទៅមុខគួរចាប់អារម្មណ៍។ ជាក់ស្តែងដូចជាកម្មវិធីគ្រាប់មីស៊ីល បានបញ្ជូន ផ្កាយរណបក្នុងតារាវិថី ការបោះជំហានទៅមុខនៃគ្រាប់មីស៊ីលចម្ងាយឆ្ងាយ និងឈានទៅរកភាពជោគជ័យក្នុងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលថែមទៀតផង។
* ធ្វើជាមេដឹកនាំវ័យក្មេងប្រកបដោយប្រសិទ្ធភាព៖
ខណៈដែលលោក គីម កាន់អំណាច នៅវ័យក្មេងនៅឡើយ មនុស្សដែលស្ថិតក្នុងជួររដ្ឋាភិបាលភាគច្រើន នៅតែបន្តរក្សារបៀបនៃការដឹកនាំបែបមនុស្សចំណាស់នៅឡើយ។ លោក គីម ត្រូវបានគេជឿជាក់ថា ទើបតែស្ថិតក្នុងវ័យប្រមាណជាង៣០ឆ្នាំជាងប៉ុណ្ណោះ (ថ្ងៃកំណើតរបស់លោក មិនអនុញ្ញាតឱ្យបើកបង្ហាញជាសារធារណៈឡើយ) ដែលជាបុគ្គលវ័យក្មេងជាងគេមួយរូប ក្នុងចំណោមបុគ្គល់សំខាន់ក្នុងប្រទេស កូរ៉េខាងជើង។
អ្នកស្រាវជា្រវស្តីអំពីប្រទេសកូរ៉េខាងជើង បានប្រដូចរយៈពេលប្រាំឆ្នាំដំបូងរបស់លោក គីម ទៅនឹងដំណាក់កាលនៃភាពរីកចម្រើន។ នៅក្នុងអំឡុងនៃការឡើងកាន់អំណាច ដំបូងៗ មេដឹកនាំក្មេងខ្ចីរូបនេះ ព្យាយាមធ្វើការជាខ្លាំង តែមានឥរិយាបទមិនសណ្តោសមេត្តាឡើយ នេះដោយសារតែលោក ចង់បន្សល់ទុកនូវស្លាកស្នាមល្អៗ នៃការដឹកនាំរបស់លោកសម្រាប់ប្រទេស កូរ៉េខាងជើង៕
អ្នកបកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា