(ប៉េកាំង)៖ មហាអំណាចចិន បានប្រញាប់ប្រញ៉ាល់បញ្ជូនយោធា២៥,០០០នាក់បន្ថែមទៀត ទៅដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែនជាប់ប្រទេស កូរ៉េខាងជើង ខណៈដែលភាព តានតឹងរវាងរដ្ឋដ៏ឯកាមួយនេះ ជាមួយលោកខាងលិចកំពុងឡើងកម្តៅ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានបរទេសធំៗ ចេញផ្សាយក្នុងពេល ប៉ុន្មានម៉ោងមុននេះ។
តំបន់យោធាទាំងប្រាំរបស់ប្រទេសចិន ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចេញបញ្ជាឱ្យត្រៀមជាស្រេចចំពោះរាល់សង្គ្រាមដែលអាចនឹងកើតឡើងតាមបន្ទាត់ព្រំដែន ជាមួយប្រទេស កូរ៉េខាងជើងគ្រប់ពេលវេលា។ ចំណែកអាវុធ និងទ័ពថ្មើរជើងក្នុងខេត្ត Shandong ខេត្ត Zhejiang និងខេត្ត Yunnan ក៏ទទួលបានបញ្ជាក្នុងការត្រៀមខ្លួនផងដែរ។
សូមជំរាបថា ការបញ្ជូនកងទ័ពទៅកាន់តំបន់ព្រំដែននេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលនេះកំពុងស្ថិតឈានដល់ដំណាក់កាលតានតឹងជាលំដាប់ ខណៈដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ ទៅកាន់ឧបទ្វីបកូរ៉េ ព្រមទាំងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Song Ryol បានព្រមានថា ប្រទេសដ៏ឯកាមួយនេះ នឹងបាញ់សាកល្បងអាវុធប្រល័យលោកមួយគ្រាប់ទៀត «នៅពេលដែលយើងមើលឃើញថា វាជាពេលដ៏សាកសម» ហើយលោកបានលើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នៅក្នុងពេលនេះកំពុងឈានដល់ ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
លោកអនុរដ្ឋមន្ត្រី Han Song Ryol បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងភ្នាក់ងារសារព័ត៌មាន AP ក្នុងទីក្រុង ព្យុងយ៉ាង នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ។
ការថ្លែងបែបនេះរបស់លោកអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃអង្គារ៍ក្នុងសប្តាហ៍នេះ បានបង្ហោះសារក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Tweeter ក្នុងន័យបញ្ឆេះសង្គ្រាម ថា «ប្រទេសកូរ៉េខាងជើងកំពុងស្វែងរកបញ្ហាដាក់ខ្លួន»។ ឆ្លើយតបសារនេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងផងដែរថា «ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កបញ្ហាដោយប្រើប្រាស់សារបែបឈ្លានពាន»៕