(ព្យុងយ៉ាង)៖ អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង បានលើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នៅក្នុងពេលនេះកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
លោកអនុរដ្ឋមន្ត្រី Han Song Ryol បានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងភ្នាក់ងារសារព័ត៌មាន AP ក្នុងទីក្រុង ព្យុងយ៉ាង នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច។
ស្ថានភាពសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលនេះកំពុងស្ថិតឈានដល់ដំណាក់កាលតានតឹងជាលំដាប់ ខណៈដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ ទៅកាន់ឧបទ្វីបកូរ៉េ ព្រមទាំងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
ការថ្លែងបែបនេះរបស់លោកអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃអង្គារ៍ក្នុងសប្តាហ៍នេះ បានបង្ហោះសារក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Tweeter ក្នុងន័យបញ្ឆេះសង្គ្រាម ថា «ប្រទេសកូរ៉េខាងជើងកំពុងស្វែងរកបញ្ហាដាក់ខ្លួន»។ ឆ្លើយតបសារនេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងផងដែរថា «ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កបញ្ហាដោយប្រើប្រាស់សារបែបឈ្លានពាន»។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុង ព្យុងយ៉ាងនាពេលថ្មីៗនេះ បានបាញ់គ្រាប់មីស៊ីលបាលីស្ទីក ហើយអ្នកជំនាញបានបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងបាញ់ សាកល្បងនុយក្លេអ៊ែរក្នុងពេលដ៏ពិសេសណាមួយក៏អាចថាបាន៕