(ស៊ីរី)៖ ទីបំផុតប្រធានាធិបតីស៊ីរីបានចេញមុខតវ៉ាបន្ថែមទៀតហើយ ជុំវិញការជាន់សង្កត់កកាន់តែខ្លាំង លើប្រទេសរបស់លោក ពីសំណាក់បណ្តាប្រទេសសម្ព័ន្ធអាមេរិក តាមរយៈការបង្ខំឲ្យស៊ីរី ទទួលខុសត្រូវលើការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី០៤ ខែមេសា ដោយលោក បាហ្សា អាល់ អាស្សាដ ផ្ទាល់បានអះអាងថា «ការវាយប្រហារដោយអាវុធគីមីនៅស៊ីរី គឺជារឿងប្រឌិតឡើង ១០០% តែម្តង»។ នេះបើតាមការផ្សាយដោយសារព័ត៌មាន AFP នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
ក្រៅពីការលើកឡើងដូចខាងលើនេះ លោក អាស្សាដ ក៏បានអះអាងផងដែរថា ប្រទេសស៊ីរីបានលះបង់អាវុធគីមីចោលអស់ទៅហើយ ដោយគ្មានមូលហេតុអ្វី ឬលទ្ធភាពអ្វីអាចទៅប្រើប្រាស់អាវុធគីមីបានទៀតនោះឡើយ។ នេះបើយោងតាមកិច្ចសម្ភាសន៍រវាងបណ្តាញព័ត៌មាន AFP ជាមួយលោក បាហ្សា អាល់ អាស្សាដ ប្រធានាធិបតីស៊ីរី ដែលលោក ដូណាល់ ត្រាំ ទើបហៅថា ជាសត្វធាតុមួយក្បាល។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគ្រាន់តែកើតមានការវាយប្រហារដោយអាវុធគីមី មិនបានប៉ុន្មានផងនោះ ក៏ចាប់ផ្តើមប្រកូកប្រកាស និងថ្កោលទោសស៊ីរី ហើយចោទស៊ីរីថាជាអ្នកប្រព្រឹត្ត ទាំងដែលស៊ីរីតែងតែបានប្រកែកតបវិញយ៉ាងដាច់ខាត ប៉ុន្តែចុងក្រោយអាមេរិកក៏បានបាញ់មីស៊ីល ៥៩គ្រាប់លើស៊ីរីដើម្បីជាការសងសឹក។
បច្ចុប្បន្នក្រុមជំនាញមួយក្រុមមកពីក្រុមឃ្លាំមើលអាវុធគីមីរបស់អន្តរជាតិ ត្រូវបានបញ្ជូនទៅប្រទេសតួកគីហើយ ដើម្បីធ្វើការប្រមូលគំរូ និងភស្តុតាងនានា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតរកការពិត ជុំវិញការប្រើប្រាស់អាវុធគីមីនៅស៊ីរី ដែលបានឆក់យកជីវិតមនុស្សក្មេងចាស់ប្រុសស្រីសរុប ៨៧នាក់ យ៉ាងសាហាវព្រៃផ្សៃបំផុតកាលពីថ្ងៃទី០៤ ខែមេសា៕