(អាំស្ទើដាំ)៖ ក្រុមជំនាញមួយក្រុមមកពីក្រុមឃ្លាំមើលអាវុធគីមីរបស់អន្តរជាតិ ត្រូវបានបញ្ជូនទៅប្រទេសតួកគីហើយ ដើម្បីធ្វើការប្រមូលគំរូ និងភស្តុតាងនានា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតរកការពិត ជុំវិញការប្រើប្រាស់អាវុធគីមីនៅស៊ីរី ដែលបានឆក់យកជីវិតមនុស្សក្មេងចាស់ប្រុសស្រីសរុប ៨៧នាក់ យ៉ាងសាហាវព្រៃផ្សៃបំផុតកាលពីថ្ងៃទី០៤ ខែមេសា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
បេសកកម្មស្វែងរកការពិតខាងលើនេះ ត្រូវបានរៀបចំឡើងដោយ អង្គការដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធគីមីពិភពលោក (OPCW) មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។ ពួកគេមានបេសកកម្មស្រាវជ្រាវ និងពិនិត្យសំណល់នានា ព្រមទាំងសម្ភាសន៍អ្នកដែលនៅរស់រានមានជីវិតផងដែរ។
គួរបញ្ជាក់ថា តំបន់ Khan Sheikhoun ដែលរងការវាយប្រហារដោយអាវុធគីមីស្លាប់មនុស្ស ៨៧នាក់នោះ គឺស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីព្រំដែនតួកគី និងស៊ីរីហើយការស៊ើបអង្កេតខាងលើនេះ នឹងអាចចំណាយពេល ៣ ទៅ ៤សប្តាហ៍ដោយអង្គការ OPCW មានសិទ្ធិតែស្វែងរកការពិតថា មានការប្រើអាវុធ ឬមិនមានប៉ុណ្ណោះ ខណៈចំណាត់ការនានាបន្ទាន់ នឹងត្រូវសម្រេចដោយសហគមន៍អនុ្តរជាតិ៕