(តូក្យូ)៖ របាយការណ៍របស់កងកម្លាំងស្វ័យការពារជប៉ុន គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា យន្តហោះចម្បាំងនានារបស់ជប៉ុន បានបំពេញបេសកកម្មកាន់តែច្រើនឡើងៗ ក៏ព្រោះតែសកម្មភាពគំរាមកំហែងពីសំណាក់យោធាចិន កើនឡើងរឹតតែច្រើននៅសមុទ្រចិនខាងកើត និងនៅក្បែរតំបន់ដែនកោះ ដែលជប៉ុនគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
អគ្គមេបញ្ជាការកងកម្លាំងយោធាជប៉ុន លោក Admiral Katsutoshi Kawano បានលើកឡើងយ៉ាងដូច្នេះថា «នាពេលថ្មីៗនេះ យើងបានឃើញយន្តហោះចម្បាំងរបស់ចិន ធ្វើប្រតិបត្តិការទៅកាន់តំបន់ភាគខាងត្បូង ហើយដែលនេះគឺជាសញ្ញាថា ពួកគេកំពុងរំកិលទៅកាន់កោះ អូគីណាវ៉ា និងតំបន់ខ្សែក្រវ៉ាត់កោះដែលនៅជុំវិញនោះ»។
ប្រទេសជប៉ុនហាក់មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះសកម្មភាពរបស់ប្រទេសចិន ខណៈដែលទីក្រុងតូក្យូខ្លាចចិនធ្វើការតាមដាន ចំពោះប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដែលវាជាសញ្ញាថា ចិនកំពុងតែបង្កើនឥទ្ធិពលនៅសមុទ្រចិនខាងត្បូង ហើយនឹងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ដែលជាប់នឹងប្រទេសជប៉ុន ខណៈជប៉ុនក៏កំពុងគ្រប់គ្រងតំបន់ខ្សែក្រវ៉ាត់កោះ ដែលលាតសន្ធឹង ១,៤០០គីឡូម៉ែត្រទៅទិសខាងត្បូងទល់នឹងកោះតៃវ៉ាន់។
គួរបញ្ជាក់ថា កោះ ឬខេត្ត អូគីណាវ៉ា គឺជាតំបន់រក្សាទុកកងកម្លាំង និងសព្វាវុធដ៏ធំសម្បើមរបស់អាមេរិក នៅក្នុងតំបន់ ដែលកងទ័ពអាមេរិក ៥០,០០០នាក់ កំពុងឈរជើងនៅទីនោះ។ សម្រាប់របាយការណ៍របស់កងកម្លាំងស្វ័យការពារជប៉ុនវិញ គឺរយៈពេល ១២ខែចុងក្រោយនេះ ប្រទេសជប៉ុនបានប្រើយន្តហោះចម្បាំងល្បាត ដើម្បីកំញើញយន្តហោះបរទេស ចំនួន១,១៦៨លើក ប្រៀបធៀបកាលពីមួយឆ្នាំមុន មានតែ ៨៧៣លើកប៉ុណ្ណោះ៕