(វ៉ាស៊ីនតោន)៖ ថ្លែងនៅក្នុងជំនួប និងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ អគ្គលេខាធិការអង្គការ NATO ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីជំហរខ្លួនឡើងវិញថា លោកនៅតែចង់បង្កើតទំនាក់ទំនងដ៏ល្អជាមួយនឹងរុស្ស៊ី ប៉ុន្តែសម្រាប់សម្ព័ន្ធភាពជាមួយ NATO វិញវាហាក់ដូចជាទៅមុខលែងរួច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
ការបង្ហាញពីអារម្មណ៍ពិតរបស់លោក ត្រាំ នៅក្នុងឱកាសទទួលវត្តមានបំពេញទស្សនកិច្ចនៃលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការ NATO នោះមិនមែនមានន័យថា លោក ត្រាំ ចង់បិទផ្លូវ ឬដោះដៃចោលអង្គការមួយនេះឡើយ ប៉ុន្តែលោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងប្តូរការគិតខាងលើនេះឡើងវិញ ប្រសិនបើ NATO អាចបំពេញការងារខ្លាំងជាងនេះ ដើម្បីលុបបំបាត់អំពើភេរវកម្មក្នុងតំបន់។
លោក ត្រាំបានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនត្រូវជាប់ឆ្កឹង ដោយសារការគិតបែបដដែលៗនោះឡើយ ប៉ុន្តែវាត្រូវមានការបញ្ចេញដំណោះស្រាយថ្មី ឆ្លើយតបនឹងការប្រឈមមុខនឹងអ្វីដែលថ្មីៗដែរ។ ថ្ងៃនេះយើងសង្ឃឹមថា អង្គការ NATO នឹងអាចបំពេញការងារបន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។ គួរបញ្ជាក់ថា លោក ត្រាំ បានលើកឡើងដូចខាងលើនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបថ្នាក់ដឹកនាំកំពូលៗរបស់រុស្ស៊ី រួមទាំងលោក ពូទីន ផងដែរ៕