(យូអិន)៖ អំណាចក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ (UNSC) ដែលមានចំនួនតែ ០៥ប្រទេសនោះ ជាខែលដែលរុស្ស៊ីអាចការពារសម្ព័ន្ធមិត្តរបស់ខ្លួន ពីការច្របាច់ករបស់អន្តរជាតិ ដូចជាពេលនេះ ដែលទីក្រុងម៉ូស្គូសម្រេចចិត្តបោះឆ្នោតជំទាស់ ឬវេតូ (Veto) ចំពោះដំណោះស្រាយរបស់អន្តរជាតិ ដែលចង់ថ្កោលទោសលើការប្រើប្រាស់អាវុធគីមីនៅស៊ីរី បណ្តាលឲ្យមនុស្សស្លាប់ជិត ១០០នាក់កាលពីដើមខែមេសា និងការទាមទារនាំស៊ីរីមកសាកសួររឿងអាវុធគីមី ចំពោះមុខក្រុមស៊ើបអង្កេតអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TASS របស់រុស្ស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
សម្រាប់ប្រទេសដែលបានគាំទ្ររុស្ស៊ីនៅក្នុង UNSC នោះគឺបូលីវា ខណៈប្រទេសចិនធ្វើអនុបវាទ។ ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី បានអះអាងជាច្រើនដងហើយថា ពុំមានភស្តុតាងណាមួយ ដែលបញ្ជាក់ថា ប្រទេសស៊ីរីបានប្រើប្រាស់អាវុធគីមីសម្លាប់ជនស៊ីវិល រួមទាំងក្មេងៗជាង ២០នាក់ នៅខេត្តអ៊ីដលីប កាលពីថ្ងៃទី០៤ ខែមេសា នោះឡើយ ហើយទីក្រុងម៉ូស្គូបានធ្វើការចោទប្រកាន់ និងថ្កោលទោសអាមេរិកជាខ្លាំង ចំពោះការបាញ់មីស៊ីល ស្រោចទៅលើស៊ីរីដោយរំលោភច្បាប់អន្តរជាតិ ខណៈដែលការស៊ើបអង្កេត នៅមិនទាន់ត្រូវបានធ្វើឡើងឲ្យដឹងសខ្មៅផងនោះ។
គួរបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងពីររបស់អាមេរិកនៅក្នុង UNSC គឺបារាំង និងអង់គ្លេសបានរួមគ្នាស្នើឲ្យរៀបចំកិច្ចប្រជុំមួយ ដើម្បីបង្កើតសេចក្តីព្រាងនៃដំណោះស្រាយ ឈានទៅដល់ការស៊ើបអង្កេតទៅនឹងការចោទប្រកាន់រដ្ឋាភិបាលស៊ីរី ថាបានប្រើប្រាស់អាវុធគីមី។ ទោះបីជាមិនទាន់មានការស៊ើបអង្កេតដោយច្បាស់លាស់ក្តី ក៏ប៉ុន្មានថ្ងៃក្រោយការផ្ទុះអាវុធគីមីនៅស៊ីរីនោះ លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក បានបញ្ជាឲ្យនាវាចម្បាំងរបស់ខ្លួន ដែលមានវត្តមានស្រាប់នៅសមុទ្រមេឌីទែរ៉ាណេ ធ្វើការបាញ់ស្រោចមីស៊ីល ៥៩គ្រាប់លើទឹកដីស៊ីរី ក្រោមហេតុផលផ្ទាល់លោកថា លោកមិនអាចទប់ចិត្តបានចំពោះអំពើព្រៃផ្សៃនៃរបបដឹកនាំ អាស្សាដ ដែលបានសម្លាប់សូម្បីតែក្មេងៗតូចៗ ដោយអាវុធគីមីដ៏មហាអាក្រក់នោះ៕