(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលុបចោលគំរោងទៅបំពេញទស្សនកិច្ច នៅប្រជុំកោះដែលខ្លួនគ្រប់គ្រងក្នុងតំបន់សមុទ្រចិនខាងត្បូងនោះហើយ ក្រោយពីទីក្រុងប៉េកាំងចេញសេចក្តីព្រមាន និងប្រឆាំងចំពោះគំរោងនេះយ៉ាងដាច់ខាត។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
លោក ឌូតឺតេ កាលពីសប្តាហ៍មុននេះ បានបង្ហាញពីផែនការរបស់លោក ក្នុងការទៅបំពេញទស្សនកិច្ច នៅប្រជុំកោះមួយចំនួន ដែលហ្វីលីពីនកំពុងគ្រប់គ្រងស្រាប់នៅសមុទ្រចិនខាងត្បូង ហើយក៏គ្រោងយកទង់ជាតិហ្វីលីពីនទៅដោតនៅលើកោះមួយឈ្មោះ Thitu ថែមទៀតផង។ ប៉ុន្តែផែនការនេះ បានទទួលការព្រមាន និងប្រឆាំងភ្លាមៗដោយទីក្រុងប៉េកាំង។
បុរសខ្លាំងហ្វីលីពីនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីមិត្តភាពរបស់យើងជាមួយចិន និងដោយសារតែតម្លៃនៃមិត្តភាពនេះ យើងនឹងមិនទៅដោតទង់ជាតិហ្វីលីពីននៅទីនោះឡើយ»។ គួរបញ្ជាក់ថា ថ្វីត្បិតតែទំនាក់ទំនងចិន និងហ្វីលីពីនបានប្រសើរឡើងវិញប្រាកដមែន ប៉ុន្តែហ្វីលីពីនក៏នៅតែបន្តថែរក្សាប្រជុំកោះ ដែលខ្លួនគ្រប់គ្រងស្រាប់ដដែល ហើយសម្រាប់ចិនវិញក៏ដូចគ្នា ដោយមិនអាចធ្វេសប្រហែលចំពោះការគ្រោងបង្កើនឥទ្ធិពលពីសំណាក់ប្រទេសណាមួយ នៅក្នុងតំបន់ដែលខ្លួនបានអះអាងអធិបតេយ្យភាព ស្ទើរតែទាំងស្រុងនោះដែរ៕