(ព្យុងយ៉ាង)៖ បណ្តាអ្នកសារព័ត៌មានបរទេសនានា កំពុងបំពេញទស្សនកិច្ច និងប្រមូលផ្តុំនៅគ្នានៅ កណ្តាលរដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើង ដើម្បីផ្តិតយកព្រឹត្តិការណ៍ដ៏ធំ និងសំខាន់មួយ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំង ហើយនឹងអាចមាន ការធ្វើតេស្តនុយក្លេអ៊ែរក្នុងពេលឆាប់ៗផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
ក្បួននាវាដឹកយន្តហោះចម្បាំងអាមេរិក កំពុងតែឆ្ពោះសំដៅទៅកាន់ឧបទ្វីបកូរ៉េហើយ ដែលនេះមិនមែនជារឿងធម្មតាៗនោះឡើយ ព្រោះវាបញ្ជាក់ថា អាមេរិកមិនអាចអត់ឱនចំពោះសកម្មភាពបង្កហេតុណាមួយ ដោយប្រទេសកូរ៉េខាងជើង បានទៀតនោះឡើយ។ សម្រាប់អ្នកកាសែត និងភ្ញៀវបរទេសដែលកំពុងមានវត្តមាន នៅទីក្រុងព្យុងយ៉ាងពេលនេះមានចំនួន ២០០នាក់ ដែលពួកគេត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុង «ទិវាព្រះអាទិត្យ» ជាទិវាដ៏ធំបំផុតមួយ ដើម្បីត្រៀមអបអរខួបទី១០៥ឆ្នាំ របស់បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតនៅពាក់កណ្តាលខែមេសានេះ។
កាលពីថ្ងៃពុធម្សិលមិញនេះសារព័ត៌មានរដ្ឋចិន The Global Times នៅក្នុងបទវិចារណកថារបស់ខ្លួន បានលើកឡើងដូច្នេះថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើស៊ីរី គឺបានបង្ហាញថា លោក ត្រាំ គឺជា មនុស្សគោរពពាក្យសន្យា។ ដូច្នេះកូរ៉េខាងជើងគួរតែជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយនៅពេលនេះ (...) ក៏ប៉ុន្តែបើកូរ៉េខាងជើង បន្តធ្វើសកម្មភាពបង្ករឿងនៅក្នុងខែមេសានេះ នោះទីក្រុងព្យុងយ៉ាង នឹងបានឃើញក្រុមប្រឹក្សាសន្តិសុខ UN អនុម័តលើការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតមួយមិនធ្លាប់មានពីមុនមក ក្នុងនោះរួមមានទំាងការដាក់កំហិតលើការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងផងដែរ»។
គួរបញ្ជាក់ថាបើតាមអ្នកជំនាញជាច្រើន កូរ៉េខាងជើងអាចនឹងដឹកនាំការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ នៅថ្ងៃទី១៥ ខែមេសានេះ ជាថ្ងៃខួបកំណើតលើកទី១០៥ នៃអតីតអគ្គុទេសកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)។ មួយវិញទៀតដោយសារតែការព្រួយបារម្ភនេះដែរ កងនាវាពិឃាតអាមេរិកកំពុងធ្វើដំណើរ ទៅកាន់តំបន់ឧបទ្វីបកូរ៉េ ទន្ទឹមគ្នានឹងកូរ៉េខាងជើងព្រមានថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើកងនាវាទំាងនេះ បើសិនជាមានការឈ្លានពានណាមួយ លើបូរណភាពដែនដីរបស់ខ្លួន៕