(អាមេរិក)៖ សន្តិសុខបីរូបហើយរបស់អាកាសចរណ៍ United Airlines របស់សហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនរៀបចំបណ្តេញចេញពីការងារ ខណៈដែលនាយកប្រតិបត្តិ (CEO) លោក Oscar Munoz កំពុងតែប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង ចំពោះបុគ្គលិកខ្លួនដែលបានប្រើហិង្សាទៅលើលោក David Dao បណ្តាលឲ្យឈាមស្រោចពេញផ្ទៃមុខ ក៏ព្រោះតែបុរសអាស៊ីរូបនេះមិនព្រមចុះពីលើយន្តហោះតាមការស្នើសុំនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧។
ជុំវិញបញ្ហាដ៏រសើបដែលសាធារណជន កំពុងតែរង់ចាំមើលពីដំណោះស្រាយនោះ អភិបាលរដ្ឋញូជេស៊ី លោកស្រី Chris Christie ដែលជាអ្នកមានអាជ្ញាធរលើរឿងនេះ បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់ នូវការអនុវត្តន៍សកម្មភាព ទទួលកក់សំបុត្រយន្តហោះ លើសចំនួនដែលជាទម្លាប់អាក្រក់កំពុងតែកើនឡើង។ លោកស្រីបានបន្តទៀតថា នេះជារឿងដែលត្រូវយកចិត្តទុកដាក់ជាពិសេស ព្រោះអាកាសចរណ៍ United Airlines បានគ្រប់គ្រងការហោះហើររហូតដល់ទៅ ៧០ភាគរយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Newark Lberty។
គួរបញ្ជាក់ថា ការព្យាយាមដោះស្រាយបញ្ហាខាងលើនេះ បានកើតឡើងក្រោយពីមានការបញ្ចេញមតិយ៉ាងផុសផុល ដោយទាមទារឲ្យក្រុមហ៊ុន United Airlines បកស្រាយ និងចាត់វិធានការដែលអាចទទួលយកបាន ដើម្បីសងជំងឺចិត្តដល់អ្នកដំណើរ (ជនជាតិវៀតណាមកាត់អាមេរិក) ដែលត្រូវបានភ្នាក់ងារសន្តិសុខ អូសចេញពីលើយន្តហោះទាំងកម្រោល ដោយសារតែការអនុវត្តន៍បទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន តែមិនយកអតិថិជនជាគោល។ ជនជាតិវៀតណាមជាច្រើន ទាំងនៅអាមេរិក និងនៅប្រទេសវៀតណាមបានសម្តែងការខឹងសម្បារ និងព្រមានធ្វើការតវ៉ាប្រឆាំងចំពោះរឿងនេះផងដែរ ប្រសិនបើមិនមានការដោះស្រាយបញ្ហា ដែលអាចទទួលយកបាន៕