Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាកម្រងរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧!

12-04-2017 19:38

(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖

១៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសវៀតណាម បានសម្ដែងការខឹងសម្បារជាខ្លាំង ទៅនឹងក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បន្ទាប់ពីអ្នកដំណើរជាវេជ្ជបណ្ឌិតម្នាក់ មានដើមកំណើតវៀតណាម-អាមេរិក ត្រូវបានក្រុមសន្តិសុខក្រុមហ៊ុនមួយនេះ អូសចេញពីលើយន្ដហោះ កាលពី ថ្ងៃអាទិត្យកន្លងទៅ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានចាត់ទុកផងដែរថា នេះជាទង្វើរើសអើងជាតិសាសន៍ និងថែមទំាងអំពាវនាវឱ្យឈប់ប្រើប្រាស់ សេវាកម្ម ក្រុមហ៊ុនអាកាសចរណ៍មួយនេះទៀតផង៕

២៖ ការវាយប្រហារទៅលើស៊ីរី ជាការកំញើញដល់កូរ៉េខាងជើង របស់លោក ដូណាល់ ត្រាំ បានលេចចេញជាផ្លែផ្កាបណ្ដើរៗ ដោយនៅថ្ងៃពុធនេះ សារ ព័ត៌មានរដ្ឋចិន The Global Times បានប្រាប់ឱ្យកូរ៉េខាងជើងបញ្ឈប់រាល់ផែនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីសុវត្ថិភាពខ្លួនឯង ត្បិត បន្ទាប់ពីមានការវាយប្រហារលើស៊ីរី វាបានបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ ជាមនុស្សហ៊ានថាហ៊ានធ្វើ៕

៣៖ ទីភ្នាក់ងារការពារព្រំដែនសមុទ្រអូស្រ្តាលី (MBC) បានចាប់ឃាត់ខ្លួនជនវៀតណាមចំនួន១៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទលួចចូលមក នេសាទខុសច្បាប់ក្នុងដែនសមុទ្រ Coral ក្បែរឆ្នេរនៃប្រទេសអូស្រ្តាលីនៅក្នុងសប្តាហ៍នេះ៕

៤៖ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចង្អុលមុខប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ ថាជាអ្នកទទួលខុសត្រូវលើការវាយ ប្រហារដោយអាវុធគីមីសម្លាប់មនុស្ស៨៩នាក់ នៅក្នុងខេត្ត Idlib កាលពីសប្ដាហ៍មុន ក្រសួងការពាជាតិរុស្ស៊ី បែរចេញមុខការពាររបបទីក្រុងដាម៉ាស់ និង អះអាងថាកងទ័ពស៊ីរី មិនមានអាវុធគីមី ហើយក៏មិនចាំបាច់ត្រូវការប្រើប្រាស់អាវុធគីមីនោះដែរ៕

៥៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតខ្លាំងគួរសម ៦.០ រ៉ិចទ័របានវាយប្រហារប្រជុំកោះ Mindanao ភាគកណ្តាលប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃពុធនេះ ដោយវាបានញ័ររញ្ជួយពីក្នុងជម្រៅដីតែ ៦គីឡូម៉ែត្រ មុននឹងថមថយកម្លំាងមកនៅត្រឹម៥.៦រ៉ិចទ័រ។ ប៉ុន្តែមិនសេចក្ដីរាយការណ៍ពីជនរងគ្រោះនោះទេ៕

៦៖ ភ្នំភ្លើងដ៏ចំណាស់ Sinabung នៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ីបានផ្ទុះ​នៅថ្ងៃពុធនេះ ដោយបញ្ចេញឧស្ម័ននិងកម្អែលផេះជះទៅលើអាកាស កម្ពស់៣គីឡូម៉ែត្រ និងគ្របដណ្ដប់នៅលើផ្ទៃមេឃយ៉ាងក្រាស់ក្រែល ដែលអាចឃើញពីលើសាលារៀន​នៅភាគខាងជើង​នៃកោះមួយនេះ។ ឥណ្ឌូនេស៊ី មានភ្នំភ្លើងជាង១៣០ ក៏ព្រោះតែសណ្ឋានដីប្រទេសមួយស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើង៕