(ឥណ្ឌូណេស៊ី)៖ ភ្នំភ្លើងដ៏ចំណាស់ Sinabung នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះនៅថ្ងៃពុធនេះ ដោយបញ្ចេញឧស្ម័ន និងកម្អែលផេះជះទៅលើអាកាសកម្ពស់ ៣គីឡូម៉ែត្រ និងគ្របដណ្ដប់នៅលើផ្ទៃមេឃយ៉ាងក្រាស់ក្រែល ដែលអាចឃើញពីលើសាលារៀននៅភាគខាងជើងនៃកោះមួយនេះ ក៏ប៉ុន្តែក្មេងៗនៅតែបន្តរត់លេងដូចធម្មតា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរបើតាមអាជ្ញាធរនៅក្នុងតំបន់ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយពីជនរងគ្រោះនោះទេ ខណៈប្រជាជនជិត ២,០០០គ្រួសារ ត្រូវ បានជម្លៀសជាបណ្ដោះអាសន្នទៅកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅចំងាយ០៧គីឡូម៉ែត្រពីតំបន់ភ្នំភ្លើង Sinabung។
គួរបញ្ជាក់ថាភ្នំភ្លើង Sinabung បានផ្ទុះជាលើកដំបូងក្នុងរយៈជាង៤០០ឆ្នាំ, ឆ្នាំ២០១០កន្លងទៅ, ហើយកាលពីខែឧសភា ឆ្នាំ២០១៦ មនុស្ស០៧នាក់បានស្លាប់ ដោយសារបន្ទុះភ្នំភ្លើងមួយនេះ និង១៦នាក់ទៀតក៏បានស្លាប់ផងដែរកាលពីខែកុម្ភៈ ឆ្នាំ២០១៤។ ឥណ្ឌូណេស៊ី មានភ្នំភ្លើង១៣០ទីតាំង ក៏ព្រោះតែសណ្ឋានដីប្រទេសមួយនេះ ស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើងនៃសមុទ្រប៉ាស៊ីហ្វិក៕