(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ស្ថានការណ៍បច្ចុប្បន្ននៅស៊ីរី គឺបង្កឡើងដោយសារតែការគាំទ្រ ក៏ដូចជាការការពាររបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ចំពោះលោក បាស្សា អាល់ អាស្សាដ និងថែមទាំងបានហៅមេដឹកនាំនៃប្រទេសមជ្ឈិមបូព៌ាមួយនេះថាជា «សត្វធាតុមួយក្បាល» ទៀតផង នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយរបស់ស្ថានីយ៍ទូរទស្សន៍ Fox Business នាថ្ងៃពុធនេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
នាឱកាសនោះលោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា «បើសិនជាប្រទេសរុស្ស៊ីមិនទៅលូកដៃការពារសត្វធាតុមួយក្បាលនេះ (សំដៅលើប្រធានាធិបតីស៊ីរីលោក អាស្សាដ) ទេនោះអ្នកនឹងពុំមានបញ្ហាដូចបច្ចុប្បន្ននេះឡើយ»។ លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កំពុងតែជួយគាំទ្របុរសដ៏សែនអាក្រក់បំផុតម្នាក់ហើយ ហើយលោក ត្រាំ ជឿជាក់ថាសម្ព័ន្ធភាពបែបនេះ នឹងជះផលអវិជ្ជមានជាខ្លាំងទៅលើទីក្រុងម៉ូស្គូ ក៏ដូចជាពិភពលោកទាំងមូល។
ដោយឡែកនៅពេលធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធជាមួយការវាយប្រហារគ្រាប់មីស៊ីល ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកមិនអាចធ្វើអ្វីផ្សេងខុសពីទង្វើរបស់លោកដែលបានធ្វើរួចហើយនោះឡើយ ដោយលោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំឃើញមនុស្សប្រើប្រាស់អាវុធគីមីដ៏សែនអាក្រក់ និងគ្រោះថ្នាក់... និងឃើញក្មេងៗស្អាតៗពុំដឹងអីទាំងអស់នេះ ដែលបានដាច់ខ្យល់ស្លាប់នៅក្នុងរង្វង់ដៃឪពុករបស់ពួកគេ ឬមួយក៏អ្នកឃើញកុមារាតូចៗខំស្រវ៉ាត្រដរដើម្បីជីវិតរបស់ពួកគេនោះ... នៅពេលដែលអ្នកឃើញហេតុការណ៍បែបនោះ ខ្ញុំក៏បានសម្រេចកោះហៅរដ្ឋមន្រ្តីការពារជាតិលោកឧត្តមសេនីយ៍ James Mattis ភ្លាម»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៤ ខែមេសាមានសេចក្តីរាយការណ៍ថា មានការវាយប្រហារដោយអាវុធគីមីនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេស៊ីរី ដែលយោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) បានបណ្តាលឲ្យមនុស្សសរុបទាំងអស់ចំនួន ៨៤នាក់រួមទាំងកុមារ២៧នាក់ បានបាត់បង់ជីវិតយ៉ាងវេទនា។ ភ្លាមៗក្រោយមកបណ្តាប្រទេសលោកខាងលិច ក៏បានរួមគ្នាចោទប្រកាន់រដ្ឋាភិបាលលោក អាស្សាដ ថាបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងប្រជាជនស៊ីរី ក៏ប៉ុន្តែរដ្ឋមន្រ្តីការបរទេសស៊ីរីបានចេញមុខទាត់ចោល ចំពោះការជាប់ពាក់ព័ន្ធនានារបស់រដ្ឋាភិបាល នៅក្នុងហេតុការណ៍នៅខេត្ត Idlib។
បន្ទាប់មកទៀតរំលងបានមួយថ្ងៃ ក្រសួងការពារជាតិរុស្ស៊ី ក៏បានឲ្យដឹងថា កងទ័ពជើងអាកាសស៊ីរីពិតជាបានបើកការវាយប្រហារនៅក្បែរទីក្រុង Khan Shaykhun នៃខេត្ត Idlib មែន ប៉ុន្តែពុំបានប្រើប្រាស់អាវុធគីមីនោះឡើយ តែជាអកុសល្យការវាយលុកត្រូវបានធ្វើឡើងចំលើឃ្លាំងស្តុកអាវុធគីមីរបស់ក្រុមភេរវករ ដែលត្រៀមដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយទីក្រុងម៉ូស្គូបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ UN បើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៅក្នុងហេតុការណ៍នេះ។ រីឯនៅថ្ងៃទី០៦ ខែមេសា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចេញមុខរិះគន់ធ្ងន់ៗចំពោះ ការចោទប្រកាន់គ្មានមូលដ្ឋានស្តីពីការប្រើប្រាស់អាវុធគីមីនៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរីថា មិនអាចទទួលយកបានដាច់ខាត ដោយសារតែពុំទាន់មានការស៊ើបអង្កេតច្បាស់លាស់ផងនោះ។
យ៉ាងណាមិញដល់ថ្ងៃទី០៦ ខែមេសា សហរដ្ឋអាមេរិកក៏បានបាញ់មីស៊ីលប្រភេទ Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូលដ្ឋានយោធាជើងអាកាសរបស់រដ្ឋាភិបាលស៊ីរី ដែលស្ថិតក្នុងភូមិ Shayrat ដើម្បីធ្វើជាការឆ្លើយតបចំពោះការប្រើប្រាស់អាវុធគីមី យ៉ាងសាហាវឃោឃៅរបស់រដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Idlib ខណៈមកទល់ថ្ងៃពុធនេះលោក វ៉្លាឌីមៀ ពូទីន នៅតែបន្តលើកហេតុផលការពារលោក បាស្សា អាល់ អាស្សាដ មិនផ្លាស់ប្តូរឡើយ៕