(អាមេរិក)៖ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសវៀតណាម បានសម្ដែងការខឹងសម្បារជាខ្លាំង ទៅនឹងក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បន្ទាប់ពីអ្នកដំណើរជាវេជ្ជបណ្ឌិតម្នាក់ មានដើមកំណើតវៀតណាម-អាមេរិក ត្រូវបានក្រុមសន្តិសុខក្រុមហ៊ុនមួយនេះ អូសចេញពីលើយន្ដហោះ កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីទុកកៅអីអង្គុយឱ្យបុគ្គលិករបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
ដើមចមនៃហេតុការណ៍នេះ គឺពីដំបូងឡើយក្រុមហ៊ុនអាកាសចរណ៍ United Airline បានស្នើឲ្យអ្នកដំណើរ ផ្តល់កន្លែងអង្គុយរបស់ពួកគេដោយស្ម័គ្រចិត្ត ជាថ្នូរនឹងការសងជំងឺចិត្តដោយសារតែសហសេវិកចំនួនបួននាក់ត្រូវការឡើងជិះនៅលើជើងហោះហើរនេះ ហើយនៅពេលដែលពុំមានអ្នកព្រមចុះចេញតាមសម្រួល ទើបសន្តិសុខរបស់ United Airline បានសម្រេចជ្រើសរើសអ្នកដំណើរ ឈ្មោះ David Dao មានអាយុ៦៩ឆ្នាំ ឲ្យចាកចេញពីលើយន្តហោះ ប៉ុន្តែលោក Dao បានបដិសេធជាហេតុធ្វើឱ្យក្រុមសន្តិសុខចាប់អូស និងទាញរូបលោកចេញពីកន្លែងអង្គុយ យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
ដោយឡែកនៅក្រោយវីដេអូនៃព្រឹត្តិការណ៍នេះត្រូវបានបង្ហោះ ប្រជាជនវៀតណាមតាមរយៈបណ្តាញសង្គមនានា បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ដោយចាត់ទុកថាវាគឺជាទង្វើរើសអើងជាតិ សាសន៍ ហើយមិនតែប៉ុណ្ណោះអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនថែមទំាងបានស្នើឱ្យឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន United Airlines ទៀតផង។ ជាក់ស្ដែង អ្នកលេង Facebook ឈ្មោះ Anh Trang Khuya បាននិយាយថា «មើលរឿងដ៏គួរឱ្យខឹងសម្បារមួយនេះចុះ ខ្ញុំនឹងមិនជិះយន្ដហោះរបស់ក្រុមហ៊ុន United Airlines នោះទេ»។ រីឯ គណនីឈ្មោះ Nguyen Khac Huy ក៏បានសរសេរដែរថា «ឈប់ជិះយន្ដហោះក្រុមហ៊ុន United Airlines!!! វាជាទង្វើជ្រុលហួសហេតុ! យើងគួរតែរួបរួមគ្នាដោយក្ដីស្រឡាញ់! ប្រជាជនវៀតណាម!»។
គួរបញ្ជាក់ថា ក្រោយពីមានការខឹងសម្បារ និង រិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានសាធារណៈ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United Airline ក៏បានចេញមុខសូមអភ័យទោសចំពោះហេតុការណ៍នេះ ថាមិនគួរឲ្យកើតមានឡើងនោះឡើយ ខណៈភ្នាក់ងារសន្តិសុខម្នាក់របស់អាកាសចរណ៍ ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន៕