(ស៊ីដនី)៖ ទីភ្នាក់ងារការពារព្រំដែនសមុទ្រអូស្រ្តាលី (MBC) ទើបតែចាប់ឃាត់ខ្លួនជនវៀតណាម ចំនួន១៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទលួចចូលមកធ្វើការនេសាទខុសច្បាប់ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
អាជ្ញាធរអូស្រ្តាលីបានឲ្យដឹងថា ទូកមួយគ្រឿងត្រូវបានប្រទះឃើញដោយយន្តហោះឃ្លាំមើលកាលពីថ្ងៃទី០៦ ខែមេសា កំពុងធ្វើប្រតិបត្តិការនេសាទនៅក្នុងដែនសមុទ្រ Coral ក្បែរឆ្នេរនៃប្រទេសអូស្រ្តាលី ហើយស្ថិតក្រោមការតាមដានរហូតនៅទីបញ្ចប់ ក៏ត្រូវបានតាមទាន់ និងឆែកឆេរដោយកងកម្លាំងព្រំដែនផ្លូវទឹករបស់អូស្រ្តាលីតែម្តង។ អាជ្ញាធរអូស្រ្តាលីបានរកឃើញធនធាននេសាទ នៅក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏បានចាប់ផ្តើមរៀបចំនីតិវិធី ដើម្បីនាំយកបុរសទាំងអស់នោះ រួមទាំងទូក និងធនធានដែលនេសាទបានទៅកាន់កំពង់ផែទីក្រុង Gladstone នៃរដ្ឋ Queensland។
គួរបញ្ជាក់ថានេះពុំមែនជាលើកទីមួយនោះឡើយ ដែលប្រជានេសាទវៀតណាម ត្រូវបានអាជ្ញាធរអូស្រ្តាលីចាប់ឃាត់ខ្លួន ដោយសារតែបញ្ហាលួចចូលមកធ្វើការនេសាទខុសច្បាប់នោះ ហើយទូកជាច្រើនគ្រឿងក៏ធ្លាប់ត្រូវបានកម្ទេចចោល ដើម្បីជាការព្រមានផងដែរ ក៏ប៉ុន្តែពួកគេនៅតែពុំរាងចាល ហើយបន្តរុករានចូលមកប្រមែប្រមូលធនធានសមុទ្ររបស់ប្រទេសដទៃទៀតជាដដែលៗ៕