(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើការជជែកពិភាក្សាគ្នាម្តងទៀតជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ អំពីបញ្ហាពិភពលោកដ៏ក្តៅគគុកបំផុតនាពេលបច្ចុប្បន្ននេះ គឺស្ថានការណ៍ នៅឧបទ្វីបកូរ៉េ និងប្រទេសស៊ីរី តាមប្រព័ន្ធទូរស័ព្ទនាថ្ងៃពុធនេះ នៅប៉ុន្មានថ្ងៃក្រោយជំនួបកំពូលទល់មុខគ្នា លើកទីមួយរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
បន្ទាប់ពីបានអង្គុយពិភាក្សាទល់មុខគ្នាជាមួយលោក ដូណាល់ ត្រាំ អំពីប្រធានបទសំខាន់ៗជាច្រើន នៅឯរមណីយដ្ឋានឯកជនរបស់ លោកប្រធានាធិបតីអាមេរិកក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន និងបានព្រមព្រៀងក្នុងការជួយទប់ស្កាត់ ក៏ដូចជារារាំងកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនោះ ពេលនេះលោក ស៊ី ជិនពីង ក៏បានជជែកគ្នាសាជាថ្មីម្តងទៀតជាមួយលោក ត្រាំ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនគាំទ្រជានិច្ចចំពោះឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ និងបានលើកឡើងថា ការប្រើប្រាស់នៃអាវុធគីមីមិនអាចទទួលយកបានឡើយ ក៏ប៉ុន្តែលោក ស៊ី បានសង្កត់ធ្ងន់ថា ដំណោះស្រាយនយោបាយដោយសន្តិវិធី គឺជាមធ្យោបាយក៏ដូចជាជម្រើសដ៏សាកសមតែមួយគត់។
គួរបញ្ជាក់នៅក្នុងអំឡុងពេលទទួលស្វាគមន៍មេដឹកនាំចិនកាលពីសប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក បើកការវាយប្រហារដោយមីស៊ីលចំនួន ៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរី ដើម្បីជាការសងសឹកចំពោះការប្រើប្រាស់អាវុធគីមី ដែលបានសម្លាប់ជីវិតជនស្លូតត្រង់ជិត ១០០នាក់ ហើយទីក្រុងវ៉ាស៊ីនតោនបានព្រមានថា នឹងអាចបន្តធ្វើការវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរីបន្ថែមទៀត ខណៈការបាញ់ស្រោចមីស៊ីលនេះក៏ជាសារមួយ ផ្ញើទៅកាន់ប្រទេសដទៃៗទៀតរួមមានកូរ៉េខាងជើងជាដើម។
ដោយឡែកនាពេលថ្មីៗសហរដ្ឋអាមេរិកថែមទាំងបានបញ្ជូន ក្រុមនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson ទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ដែលជាហេតុបានបណ្តាលឲ្យចិនបញ្ជូនកងកម្លាំងប្រមាណ ១៥០,០០០នាក់ទៅកាន់ព្រំដែនខ្លាចក្រែងអាមេរិកបើកការវាយប្រហារទៅលើកូរ៉េខាងជើង។ លើសពីនេះទៀតលោក ដូណាល់ ត្រាំ លើកឡើងថាបើទីក្រុងប៉េកាំងមិនព្រមជួយ ទីក្រុងវ៉ាស៊ីនតោននឹងដោះស្រាយបញ្ហានេះដោយគ្មានចិនក៏បាន។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េបានប្រែជាក្តៅគគុកឡើងវិញ ក្រោយកូរ៉េខាងជើងបន្តធ្វើតេស្តនុយក្លេអ៊ែរឥតឈប់ឈរ ដើម្បីតបតនឹងការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ហើយក្រោយមកក៏ជាមួយជប៉ុនថែមទៀត។ បន្ទាប់កូរ៉េខាងជើងឲ្យសញ្ញាថា នឹងអាចកើតមានការបំផ្ទុះនុយក្លេអ៊ែរសាកសាកល្បងនោះ អាមេរិកបានបញ្ជូនកងនាវាចម្បាំង មានទាំងនាវាដឹកយន្តហោះផងដែរ ពីមូលដ្ឋាននៅសិង្ហបុរី ឆ្ពោះទៅកាន់ដែនទឹកឧបទ្វីបកូរ៉េ ដែលជាហេតុបង្កឲ្យកូរ៉េខាងជើងកាន់តែក្តៅក្រហាយរឹតតែខ្លាំង ហើយក៏បានព្រមានតបវិញថា នឹងធ្វើការតបតទៅកាន់អាមេរិក ឲ្យពេញថ្លៃប្រសិនបើសង្គ្រាមផ្ទុះឡើងក្នុងតំបន់ ឬនៅពេលមានការឈ្លានពានកូរ៉េខាងជើងកើតឡើងពិតមែននោះ៕