(អាមេរិក)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airline បានធ្លាក់ចុះដល់ទៅ៦ភាគរយ ឬស្មើនឹង ១.៤ពាន់លានដុល្លារគិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីវិដេអូមួយបង្ហាញពីបុរសម្នាក់ ត្រូវក្រុមសន្តិសុខក្រុមហ៊ុនអាកាសចរណ៍មួយនេះ អូសចុះពីលើយន្តហោះយ៉ាងព្រៃផ្សៃជាទីបំផុត ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម និងរកការិះគន់ព្រមទាំងថ្កោលទោសពីសំណាក់មហាជនក្នុងប្រទេស និងពិភពលោក។ នេះបើតាមការសារព័ត៌មាន Huffington Post នៅរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
ដើមចមនៃហេតុការណ៍នេះ គឺពីដំបូងឡើយក្រុមហ៊ុនអាកាសចរណ៍ United Airline បានស្នើឲ្យអ្នកដំណើរផ្តល់កន្លែងអង្គុយរបស់ពួកគេដោយស្ម័គ្រចិត្ត ជាថ្នូរនឹងការសងជំងឺចិត្ត ដោយសារតែសហសេវិកចំនួនបួននាក់ ត្រូវការឡើងជិះនៅលើជើងហោះហើរនេះ ហើយនៅពេលដែលពុំមានអ្នកព្រមចុះចេញតាមសម្រួល សន្តិសុខរបស់ United Airline ក៏បានសម្រេចជ្រើសរើសបុរសម្នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាថាជាជនជាតិវៀតណាម សញ្ជាតិអាមេរិក ឈ្មោះ David Dao ឲ្យចាកចេញពីលើយន្តហោះ ប៉ុន្តែនៅពេលលោក Dao បានបដិសេធក្រុមសន្តិសុខក៏បានអូស និងទាញរូបលោកចេញពីកន្លែងអង្គុយយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
គួរបញ្ជាក់ថា ក្រោយពីមានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានសាធារណៈ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United Airline ក៏បានចេញមុខសូមអភ័យទោសចំពោះហេតុការណ៍នេះ ថាមិនគួរឲ្យកើតមានឡើងនោះឡើយ ខណៈភ្នាក់ងារសន្តិសុខម្នាក់របស់អាកាសរណ៍ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។ មតិតាមបណ្តាញសង្គម ដែលបានទស្សនាវីដេអូ បានធ្វើរិះគន់យ៉ាងធ្ងន់ និងមានការចោទជាសំនួរថា «តើនេះ ឬជាទង្វើនៃប្រទេសដែលតាំងខ្លួន ជាអ្នកគោរពសិទ្ធិមនុស្ស?» ខណៈដែលនេះជាកំហុសរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះសុទ្ធសាធ ដែលបានដាក់អ្នកដំណើរលើសចំណុះដោយមិនប្រយ័ត្នប្រយែង ចំពោះតួនាទីខ្លួនឯង៕