(អង់គ្លេស)៖ ឯកសារ៦០ទំព័រទើបនឹងចេញកាលពីពេលថ្មីៗនេះ របស់ការិយាល័យអង់គ្លេស ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សផ្តោតលើទណ្ឌកម្ម ដែលរដ្ឋាភិបាលតួកគីដាក់លើអ្នកមានសមានចិត្ត និងគាំទ្រលោក ហ្វេធូឡាហ៍ ហ្គូឡិន។ នេះជាការសម្រង់សេចក្តីពីឯកសារដើម នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧ ចេញផ្សាយដោយគេហទំព័រ Turkishminute។
«ក្រោយរដ្ឋប្រហារ និងការប្រកាសភាពអាសន្នក្នុងប្រទេស រដ្ឋាភិបាលបានផ្តោតលើបុគ្គល គ្រប់រូបដែលមានទំនាក់ទំនងនឹងចលនា ហ្គូឡិន មិនថាក្នុងវិស័យ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ យោធា ឬ ប្រព័ន្ធតុលាការ ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ឬជាស្ថាពរពីការងារ។ មនុស្សរាប់ម៉ឺននាក់បាត់បង់ការងារ រួមមានមន្រ្តីយោធាជាន់ខ្ពស់ មន្រ្តីស៊ីវិល ប៉ូលីស ឬគ្រូបង្រៀនក៏ដោយ»
«លើសពីនេះទៅទៀតមានរបាយការណ៍លើកឡើងថា អ្នកដែលត្រូវបានឃុំខ្លួនជាជនសង្ស័យ ថាគាំទ្រចលនាលោក ហ្គូឡិន ទោះបីគេមិនមានជាប់សង្ស័យក្នុងការធ្វើរដ្ឋប្រហារក៏ដោយ។ របាយការណ៍ខ្លះទៀតលើកឡើងពីសាច់ញាតិ និងមិត្តរបស់លោក ហ្គូឡិន ក៏ត្រូវបានគេឃុំខ្លួនផងដែរ។ អ្នកនឹងត្រូវគេធ្វើទណ្ឌកម្មប្រសិនបើអ្នកគាំទ្រ ហ្គូឡិន ឬជាជនសង្ស័យថាគាំទ្រ ហ្គូឡិន និងអាចជាមិត្ត សាច់ញាតិរបស់ ហ្គូឡិន មិនថាអ្នកមានទំនាក់ទំនងខុសច្បាប់ ឬពាក់ព័ន្ធនឹងរដ្ឋប្រហារប៉ុណ្ណាទេ ដែលនេះអាចនឹងបង្ហាញពីការដាក់ទោសដល់អ្នកប្រឆាំង គំនិតនយោបាយរបស់រដ្ឋាភិបាល»។ នេះបើតាមអ្វីដែលមានចែងក្នុងរបាយការណ៍សិទ្ធិមនុស្សអង់គ្លេស។
ក្រោយរដ្ឋប្រហាររដ្ឋាភិបាលបានធ្វើបន្សុទ្ធកម្ម ដោយបញ្ឈប់ពីការងារ និងឃុំខ្លួនមនុស្ស ១៣៥,០០០នាក់ ជាអ្នកដែលគាំទ្រ ឬត្រូវរដ្ឋសង្ស័យថាគាំទ្រចលនា ហ្គូឡិន។ ផ្ទុយនឹងការសម្រេចចិត្តចោទប្រកាន់របស់ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ភ្នាក់ងារស៊ើបអង្កេតរបស់ ប្រទេសអាល្លឺម៉ង់ (BND) និងប្រធានភ្នាក់ងារស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក លោក ដេវីន នុនស៍ សុទ្ធតែបានអះអាងថា មិនមានភស្តុតាងណាមួយចង្អុលបង្ហាញឡើយថា បុព្វជិតហ្គូឡិន ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនេះឡើយ៕