(ប៉េកាំង)៖ កូរ៉េខាងជើងគួរតែបញ្ឈប់រាល់ផែនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីសុវត្ថិភាពខ្លួនឯង ត្បិតបន្ទាប់ពីមានការវាយប្រហារលើស៊ីរី វាបានបង្ហាញយ៉ាងច្បាស់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមនុស្សហ៊ានថាហ៊ានធ្វើ ខណៈដែលមហាអំណាចមួយនេះ ហាក់មិនមានគំរោងដោះស្រាយដោយសន្តិវិធី ជាមួយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន Global Times នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
The Global Times នៅក្នុងបទវិចារណកថារបស់ខ្លួន បានលើកឡើងដូច្នេះថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើស៊ីរី គឺបានបង្ហាញថា លោក ត្រាំ គឺជា មនុស្សគោរពពាក្យសន្យា។ ដូច្នេះកូរ៉េខាងជើងគួរតែជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយនៅពេលនេះ (...) ក៏ប៉ុន្តែបើកូរ៉េខាងជើង បន្តធ្វើសកម្មភាពបង្ករឿងនៅក្នុងខែមេសានេះ នោះទីក្រុងព្យុងយ៉ាង នឹងបានឃើញក្រុមប្រឹក្សាសន្តិសុខ UN អនុម័តលើការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតមួយមិនធ្លាប់ មានពីមុនមក ក្នុងនោះរួមមានទំាងការដាក់កំហិតលើការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងផងដែរ»។
គួរបញ្ជាក់ថាបើតាមអ្នកជំនាញជាច្រើន កូរ៉េខាងជើងអាចនឹងដឹកនាំការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ នៅថ្ងៃទី១៥ ខែមេសានេះ ជាថ្ងៃខួបកំណើតលើកទី១០៥ នៃអតីតអគ្គុទេសកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)។ មួយវិញទៀតដោយសារតែការព្រួយបារម្ភនេះដែរ កងនាវាពិឃាតអាមេរិកកំពុងធ្វើដំណើរទៅកាន់តំបន់ឧបទ្វីបកូរ៉េ ទន្ទឹមគ្នានឹងកូរ៉េខាងជើងព្រមានថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើកងនាវាទំាងនេះ បើសិនជាមានការឈ្លានពានណាមួយលើបូរណភាពដែនដីរបស់ខ្លួន៕