(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានអះអាងថា ការធ្វើឃាតមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Mazen Faqha កាលពីខែមុនគឺជាកិច្ចការផ្ទៃក្នុងរបស់ ក្រុមហាម៉ាស់ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបែរជានិយាយបែបចំអកទៅវិញថា លោកនឹងមិនមានការ ភ្ញាក់ផ្អើលអ្វីនោះឡើយ បើសិនជានរណាម្នាក់ធ្វើឃាតប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី ដែលជាអ្នកគាំទ្រដ៏សំខាន់ម្នាក់ដល់ក្រុមហាម៉ាស់នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
កាលពីខែមីនាកន្លងទៅលោក Mazen Faqha ត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងហ្គាហ្សា រីឯក្រុមហាម៉ាស់បានចោទថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ ហើយសន្យាថាសងសឹកវិញជាដាច់ខាត។ ទោះបីជាយ៉ាងណាថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីស្រាអែល លោក Avigdor Lieberman បានបញ្ជាក់ថា ការធ្វើឃាតលោក Mazen គឺជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហាម៉ាស់។ «យើងអាចនិយាយបានថា វាគឺរឿងឃាតកម្មកើតចេញពីរឿងផ្ទៃក្នុងនៃក្រុមហាម៉ាស់ ហើយខ្ញុំក៏នឹងមិនភ្ញាក់ផ្អើលអ្វីដែរបើសិនជានរណាម្នាក់ ធ្វើឃាតប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី នៅអំឡុងការបោះឆ្នោតនៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ»។ នេះគឺជាសម្ដីរបស់លោក Lieberman។
គួររំលឹកថាអ៊ីរ៉ង់ និងអ៊ីស្រាអែលមានទំនាក់ទំនងតានតឹងនឹងគ្នា ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ មកម្លេះ ហើយរហូតមកទល់នឹងពេលនេះទីក្រុងតេហេរ៉ង់ ក៏មិនបានទទួលស្គាល់អ៊ីស្រាអែលជារដ្ឋស្របច្បាប់នោះដែរ ពោលបើនិយាយឱ្យចំ អ៊ីរ៉ង់ និងអ៊ីស្រាអែល គឺជាសត្រូវនឹងគ្នា ដែលរង់ចាំតែថ្ងៃប្រឈមមុខដាក់គ្នាដោយយោធា ដែលអាចនឹងកើតចេញពីជម្លោះនៅស៊ីរីតែប៉ុណ្ណោះ៕