(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានវិលត្រឡប់មកកាន់ប្រទេស របស់លោកវិញនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅឯប្រទេសគុយបា ស្របពេលដែលបាតុកម្មប្រឆាំងនឹងមេដឹកនាំរូបនេះកំពុងតែកើនឡើង កម្តៅយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
យោងតាមខ្សែវីដេអូរបស់ស្ថានីយ៍ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា ក្រុមអ្នកតវ៉ាបានបំបែកក្បួនការពារសន្តិសុខ ហើយបានទៅចោមរោមយានជំនិះរបស់លោក Maduro ដែលកំពុងឈរបក់ដៃលា ក្នុងអំឡុងការបិទបញ្ចប់នៃព្រឹត្តិការណ៍យោធាមួយនៅរដ្ឋ Bolivar ភាគអាគ្នេយ៍។ នៅអំឡុងពេលចលាចលនោះ ក្រុមបាតុករបាននាំគ្នាយកវត្ថុផ្សេងៗចោលទៅលើលោក Maduro ដែលស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីវេណេស៊ុយអេឡា ស្របពេលក្រុមអង្គរក្សបានប្រមូលផ្តុំគ្នាដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពនេះ ហើយភ្លាមៗនោះការផ្សាយក៏ត្រូវបានផ្អាកផងដែរ។
បុរសវ័យ២០ឆ្នាំម្នាក់ឈ្មោះ Daniel Queliz បាត់បង់ជីវិតបន្ទាប់ពីបានរងរបួសធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងចំត្រូវកញ្ចឹងក ក្នុងអំឡុងការធ្វើបាតុកម្មនៅឯទីក្រុង Valencia ខណៈក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានអះអាងថាលោក Queliz ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ នៅពេលដែលលោកចូលរួមធ្វើការតវ៉ាតែម្តង។ បន្ថែមពីនេះបុរសវ័យ១៩ឆ្នាំម្នាក់ទៀតឈ្មោះ Jairo Ortiz ក៏បានស្លាប់ផងដែរនៅជាយរដ្ឋធានីការ៉ាកាស់ ក្នុងតំបន់ធ្វើបាតុកម្មរបស់ក្រុមបក្សប្រឆាំង។ ការបាញ់សម្លាប់ ដើម្បីបន្ថយសកម្មភាពតវ៉ាប្រឆាំង ដែលអាចគំរាមកំហែងដល់សន្តិសុខ និងក្បួនរថយន្តប្រមុខដឹកនាំ៕