(ម៉ូស្គូ)៖ ក្រសួងការពាជាតិរុស្ស៊ីបានអះអាងថា កងទ័ពស៊ីរីមិនមានអាវុធគីមី ហើយក៏មិនចាំបាច់ត្រូវការប្រើប្រាស់អាវុធគីមីនោះដែរ ខណៈពួកគេបានទទួលជោគជ័យជាច្រើន នៅក្នុងវាយលុកដណ្ដើមទឹកដី ពីពួកភេវករមកវិញជាបណ្តើរទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានអគ្គសេនាធិការយោធារុស្ស៊ីលោកវរសេនីយ៍ឯក Sergey Rudskoy បានគូសបញ្ជាក់ថា «នៅក្នុងកាលៈទេសៈបច្ចុប្បន្នរដ្ឋាភិបាលរបស់លោក បាស្សា អាល់ អាស្សាដ មិនត្រូវការប្រើប្រាស់អាវុធគីមីឡើយហើយក៏មិនមានអាវុធគីមីដែរ។ ទោះបីជាយ៉ាងណារុស្ស៊ីនៅតែស្នើឱ្យមានការស៊ើបអង្កេតទាក់ទិននឹងការចោទប្រកាន់ថា របបស៊ីរីបានវាយប្រហារដោយអាវុធគីមីសម្លាប់មនុស្ស ៨៩នាក់នៅឯទីក្រុង Khan Sheikhoun នៃខេត្ត Idlib កាលពីថ្ងៃទី០៤ ខែមេសា»។
គួរបញ្ជាក់ថាបើតាមទីក្រុងវ៉ាស៊ីនតោន កងកម្លាំងរដ្ឋាភិបាលស៊ីរីគឺជាអ្នកទទួលខុសត្រូវលើការប្រើប្រាស់អាវុធគីមីក្នុងខេត្ត Idlib ហើយជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបាញ់មីស៊ីល ៥៩គ្រាប់ កម្ទេចមូលដ្ឋានទ័ពអាកាសស៊ីរីដែលខ្លួនជឿជាក់ថា ត្រូវបានប្រើប្រាស់ក្នុងការដឹកនាំការវាយប្រហារដោយអាវុធគីមី។ ប៉ុន្តែវាបានធ្វើឱ្យរុស្សីខឹងសម្បារយ៉ាងខ្លាំង រហូតចាត់ទុកថា ការវាយប្រហារនេះគឺជាសកម្មភាពឈ្លានពានលើដែនអធិបតេយ្យភាពស៊ីរី និងរំលោភច្បាប់អន្តរជាតិ រីឯប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ឱ្យដឹងដែរថា ទីក្រុងម៉ូស្គូនឹងប្ដឹងទៅកាន់អង្គការសហប្រជា ជាតិឱ្យបើកការស៊ើបអង្កេតជុំវិញការប្រើប្រាស់អាវុធគីមីនៅស៊ីរី៕