(ម៉ានីល)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតខ្លាំងគួរសម ៥.៦រ៉ិចទ័របានវាយប្រហារប្រជុំកោះ Mindanao ភាគកណ្តាលប្រទេសហ្វីលីពីននៅព្រឹកថ្ងៃពុធនេះតែម្តង ដែលវាបានញ័ររញ្ជួយពីក្នុងជម្រៅដីតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
ពីតំណាក់កាលដំបូងទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS បានគណនាថា គ្រោះរញ្ជួយដីខាងលើនេះមានកម្រិតរហូតដល់ ៦.០រ៉ិចទ័រ ប៉ុន្តែក្រោយមកទើបកម្លាំងរបស់វាបានធ្លាក់ចុះមកនៅត្រឹម ៥.៦រ៉ិចទ័រ ដែលបានវាយប្រហារនៅតំបន់ភាគឦសាននៃកោះ Cotabato ដែលជាកោះធំជាងគេបំផុតនៅក្នុងប្រជុំកោះ Mindanao ភាគកណ្តាលប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថាកម្លាំងញ័ររញ្ជួយដូចខាងលើនេះ វាទំនងជាបានបង្កការខូចខាតនានាផងដែរ ប៉ុន្តែពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕