(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់កូរ៉េខាងជើង នៅក្រោមការកត់ចំណាំទុក ហើយបើសិនជាលោកធ្វើសម្រេចចិត្តចាត់វិធានការដោយសកម្មភាពយោធា នោះវានឹងក្លាយជាការសម្រេចចិត្តដ៏សមស្រប ដូចដែលសហរដ្ឋអាមេរិកវាយប្រហាលើស៊ីរីដូច្នោះដែរ។ នេះគឺជាការព្រមានរបស់សេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ បានធ្វើការកត់សម្គាល់បែបនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីថាទីក្រុងវ៉ាស៊ីនតោននឹងដោះស្រាយបញ្ហាកូរ៉េខាងជើងតែម្នាក់ឯង បើសិនជាចិនមិនព្រមជួយទេនោះ។ លោក ស្ពៃសឺ នៅក្នុងសន្និសីទសារព័ត៌មានបានលើកឡើងដូច្នេះថា «ខ្ញុំគិតថាគាត់ (លោក ត្រាំ) នឹងមិនលើកលែងឱ្យជាដាច់ខាត ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង (...) ខ្ញុំគិតថាគាត់មានជម្រើសជាច្រើននៅលើតុរួចជាស្រេច ហើយវាក៏បានបង្ហាញរួចហើយដែរ កាលពីសប្ដាហ៍មុន តាមរយៈការវាយប្រហារលើស៊ីរី។ ដូច្នេះនៅពេលលោកប្រធានាធិបតីចាត់វិធានការ ដោយសកម្មភាពណាមួយ នោះវានឹងក្លាយជាការសម្រេចចិត្តដ៏សមស្រប ដែលបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរសហរដ្ឋអាមេរិក»។ ទោះបីយ៉ាងណា លោក ស្ពៃសឺ មិនបានបញ្ជាក់លម្អិតនោះទេថា លោក ត្រាំ នឹងដោះស្រាយបញ្ហាកូរ៉េខាងជើងយ៉ាងដូចម្ដេចបើគ្មានជំនួយពីចិន។
គួរបញ្ជាក់ថាបន្ទាប់ពីសហរដ្ឋអាមេរិក បាញ់មីស៊ីល៥៩គ្រាប់លើស៊ីរី ការព្រួយបារម្ភខ្លាចក្រែង ទីក្រុងវ៉ាស៊ីនតោន ប្រកាសសង្រ្គាមជាមួយកូរ៉េខាងជើងចេះ តែបន្តកើនឡើងជាលំដាប់ ខណៈកងនាវាពិឃាតអាមេរិកកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់តំបន់ឧបទ្វីបកូរ៉េនៅក្នុងបរិបទ ដែលទីក្រុងព្យុងយ៉ាងត្រូវបានគេជឿជាក់ថា អាចនឹងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅក្នុងខែមេសានេះ។ ទោះបីជាយ៉ាងណាការវាយប្រហារលើកូរ៉េខាងជើង ទំនងជាមិនអាចទៅរួចនោះទេ ត្បិតការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង គឺជាសង្រ្គាមនុយក្លេអ៊ែររីឯចិនក៏នឹងមិនឈរឱបដៃមើល ហើយម្យ៉ាងវិញទៀតកូរ៉េខាងត្បូង និងជប៉ុនក៏នឹងចេញមុខទប់ស្កាត់មិនឱ្យរឿងបែបនេះកើតឡើងដែរ ព្រោះប្រទេសទំាងពីរដឹងច្បាស់ថា បើសង្រ្គាមផ្ទុះឡើងអ្នករងគ្រោះពិតប្រាកដគឺមិនមែន សហរដ្ឋអាមេរិកនោះទេ៕