(ប៉េកាំង)៖ មេដឹកនាំជាប់ឆ្នោតរបស់ទីក្រុងហុងកុង លោកស្រី Carrie Lam បានថ្លែងនៅថ្ងៃអង្គារនេះថា ពុំមានផ្លូវនោះឡើយសម្រាប់ការបោះជំហាន បន្តឆ្ពោះទៅកាន់ឯករាជ្យភាពនៅក្នុងអតីតទឹកដី នៃអាណានិគមរបស់ចក្រភពអង់គ្លេសមួយនេះ ដែលលោកស្រីបាននិយាយថា ត្រូវការគាំទ្រជាចាំបាច់ ពីសំណាក់រដ្ឋាភិបាលកណ្តាលនៅទីក្រុងប៉េកាំង ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលពេលប្រាំឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ការថ្លែងខាងលើបែបនេះរបស់លោកស្រី Lam ត្រូវបានធ្វើឡើងនៅឯរដ្ឋធានីប៉េកាំង បន្ទាប់ពីនាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានធ្វើការប្រគល់លិខិតផ្លូវការស្តីពីការតែងតាំងលោកស្រី ជាមេដឹកនាំនៃទីក្រុងហុងកុង ដែលនឹងជួយត្រួសត្រាយផ្លូវសម្រាប់លោកស្រីឡើងកាន់តំណែងនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ។
គួរបញ្ជាក់ថាគណៈកម្មាធិការបោះឆ្នោតទីក្រុងហុងកុង បានជ្រើសរើសលោកស្រី Carrie Lam នៅក្នុងចំណោមបេក្ខជនពីរនាក់ផ្សេងទៀតរួមមានលោក John Tsang និងលោក Woo Kwok-hing សម្រាប់ជំនួសតំណែងមេដឹកនាំបច្ចុប្បន្នលោក CY Leung ដែលបានប្រកាសលាលែងពីតំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយសារហេតុផលផ្ទាល់ខ្លួន៕