(កាប៊ុល)៖ សមាជិកក្រុមសកម្មប្រយុទ្ធយ៉ាងតិចចំនួន ៤៦នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការយោធា រយៈពេល ២៤ម៉ោង របស់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានចេញសេចក្តីថ្លែងការណ៍ថា «នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) បានបើកប្រតិបត្តិការយោធាប្រឆាំងភេរវកម្មយ៉ាងក្តៅគគុក ចំនួន០៧ទីតាំងនៅក្នុងខេត្តចំនួនប្រាំ ហើយជាលទ្ធផលជនសកម្មប្រយុទ្ធ ៤៦នាក់ ត្រូវបានកម្ចាត់ចោល និង២១នាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់»។ ក្រៅពីនេះសព្វាវុធជាច្រើនត្រូវបានរឹបអូសយក ប៉ុន្តែពុំមានការបញ្ជាក់ពីជនរងគ្រោះ នៅភាគីខាងកងកម្លាំងសន្តិសុខនោះឡើយ។
គួរបញ្ជាក់ថាកងកម្លាំងអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ បានបង្កើនការធ្វើប្រតិបត្តិការការពារសន្តិសុខ ប្រឆាំងក្រុមសកម្មប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ស្របពេលរដូវស្លឹកឈើលាស់ និងរដូវក្តៅ ដែលត្រូវបានគេស្គាល់ជាពេលវេលានៃការប្រយុទ្ធគ្នា កំពុងខិតជិតចូលមកដល់នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ៕