(ម៉ូស្គូ)៖ រុស្ស៊ីប្រហែលជាអាចនឹងផ្អាកជើងហោះហើរទេសចរណ៍ ទៅកាន់ប្រទេសតួកគីដោយសារតែ ស្ថានការណ៍នយោបាយដ៏រកាំរកូសនៅទីនោះ ដែលនេះគឺជាការព្រមានរបស់ទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធ ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានានៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
រុស្ស៊ី និងតួកគីមានប្រវត្តិសាស្រ្តនៃការដាក់បំរាមពាណិជ្ជកម្ម ក៏ដូចជាហិរញ្ញវត្ថុប្រឆាំងលើគ្នាទៅវិញទៅមកនៅក្នុងជម្លោះនយោបាយផ្សេងៗ។ ចំណងទាក់ទងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានជួបភាពល្អក់កករជាថ្មីម្តងទៀត កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្រោយពេលដែលតួកគី បានអំពាវនាវឲ្យប្រធានាធិបតីស៊ីរីលោក បាស្សារ អាល់ អាស្សាដ ដែលជាសម្ព័ន្ធមិត្តដ៏ស្ម័គ្រស្មោះរបស់រុស្ស៊ីចុះចេញពីអំណាច។
យ៉ាងណាមិញទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយជុំវិញសេចក្តីរាយការណ៍នេះឡើយ។ បើសិនជារុស្ស៊ីពិតជាសម្រេចធ្វើដូច្នោះមែននោះ វាអាចបង្កការប៉ះពាល់ខ្លាំងដល់វិស័យឧស្សាហកម្មទេសចរណ៍របស់តួកគី ដែលបានជួបបញ្ហាលំបាករួចជាស្រេចហើយនោះថែមទៀត ពីព្រោះតែវាពឹងផ្អែកយ៉ាងសំខាន់ទៅលើអ្នកទេសចរមកពីប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថាយោងតាមទិន្នន័យបឋម ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Kommersant ទីភ្នាក់ងារទេសចរណ៍រុស្ស៊ីបានលក់កញ្ចប់ធ្វើដំណើរទៅប្រទេសតួកគី អស់ចំនួន៤០០,០០០កញ្ចប់បាត់ទៅហើយ ហើយជាសរុបភ្ញៀវទេសចររុស្ស៊ីចំនួនបីលាននាក់ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីនោះក្នុងឆ្នាំ២០១៧នេះ៕