(សេអ៊ូល)៖ នៅអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Chun Doo-hwan បានបង្ហាញការសោកស្ដាយជាខ្លាំង ដែលកូរ៉េខាងត្បូងមិនមានអាវុធនុយក្លេអ៊ែរ ពោលគឺសម្រាប់លោកបើសិនជាទីក្រុងសេអ៊ូល មានអាវុធនុយក្លេអ៊ែរតែបីគ្រាប់ប៉ុណ្ណោះ នោះកូរ៉េខាងជើងនឹងដើរចូលកិច្ចប្រជុំអន្តរកូរ៉េដោយខ្លួនឯងជាមិនខាន។ នេះបើតាមឯកសារការទូត ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក Chun ធ្វើឡើងនៅក្នុងជំនួបជាមួយបេសកជនពិសេសអាមេរិក លោក Edward Rowny ក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៨៦។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការចេញផ្សាយឯកសារនេះដែរ វាបានបង្កជាមន្ទិលសង្ស័យថា តើបច្ចុប្បន្នទីក្រុងសេអ៊ូលចង់មានអាវុធនុយក្លេអ៊ែរដូចគេឯង ឬក៏យ៉ាងណា ខណៈកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ។ លោក Chun ថ្លែងនៅក្នុង ឱកាសនោះដូច្នេះថា «បើទោះជាកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដំណើរការទៅប្រកបដោយផ្លែផ្កា ហើយទីក្រុងវ៉ាស៊ីនតោនធានាការពារកូរ៉េខាងត្បូងក៏ដោយ តែអ្វីដែលប្រសើរជាងនេះនោះគឺថា បើយើងមានអាវុធនុយក្លែអ៊ែរតែ០៣គ្រាប់ កូរ៉េខាងជើង ប្រាកដជាមិនអាចបដិសេធឡើយចំពោះកិច្ចចរចាអន្តរកូរ៉េ»។
គួរបញ្ជាក់បន្ថែមថា លោក Chun Doo-hwan ដែលបានឡើងកាន់អំណាចដោយសារការធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៩ ធ្លាប់បាន សន្យាជាមួយសហរដ្ឋអាមេរិកថា នឹងមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឡើយ នៅអំឡុងពេលជួបអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន ក្នុងទីក្រុងសេអ៊ូល កាលពីខែវិច្ឆិកា ឆ្នាំ១៩៨៣ ដើម្បីទទួលបានការទទួលស្គាល់ភាពស្របច្បាប់នៃការកាន់អំណាចរបស់លោក៕