(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបាននិយាយថា មនុស្ស០៦នាក់បានស្លាប់នៅក្នុងវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ អាប៊ូ សាយយ៉ាហ្វ នៅឯតំបន់រមណីយដ្ឋានមួយកន្លែង ដែលស្ថិតនៅឆ្ងាយពីតំបន់ភាគខាងត្បូងនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
យោងតាមប៉ូលិស និងយោធាហ្វីលីពីន ទាហានម្នាក់និងខ្មាន់កាំភ្លើង០៥នាក់ដែលគេសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធ អាប៊ូ សាយយ៉ាហ្វ បានបាត់បង់ជីវិតនៅក្នុងការវាយប្រយុទ្ធគ្នានៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងទីក្រុង Inabanga នៃខេត្ត Bohol ជាតំបន់ដ៏មានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរហើយ ការប៉ះទង្គិចគ្នានេះមានរយៈពេលជាង៣ម៉ោងឯណោះ។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកប្រចំាហ្វីលីពីនបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរទៅកាន់ ខេត្ត Bohol ខណៈមានព័ត៌មានជាច្រើនរាយការណ៍ថា ពួកសកម្មប្រយុទ្ធអាចនឹងធ្វើចាប់ជំរិតមនុស្សជាចំណាប់ខ្មាំង៕