(គូឡាឡាំពួ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ីបានលួចធ្វើការ ផ្តល់ប្រាក់ឧបត្ថមទៅឲ្យទីក្រុងព្យុងយ៉ាងអស់រយៈពេលជាច្រើនឆ្នាំនោះ រដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុងម៉ាឡេស៊ី បានទទូចដល់រដ្ឋាភិបាលថា គួរតែបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ទៅលើករណីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
នាថ្ងៃចន្ទម្សិលមិញនេះទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់សម្តីរបស់អតីតមន្រ្តីកូរ៉េខាងជើងម្នាក់ បានឲ្យដឹងថាលោក Han Hun Il អគ្គនាយកមូលនិធិកូរ៉េខាងជើងនៃក្រុមហ៊ុន Malaysia Korea Partners (MKP) បានលួចបង្ហូរលុយទៅឲ្យថ្នាក់ដឹកនាំរបស់ទីក្រុងព្យុងយ៉ាង គឺគណៈកម្មាធិការមជ្ឈិមបក្សគណបក្សកាន់អំណាចពលករកូរ៉េ អស់រយៈពេលពីរទសវត្សរ៍មកហើយ។
ពាក់ព័ន្ធបញ្ហានេះធនាគារបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MKP ប្រចាំនៅរដ្ឋធានីព្យុងយ៉ាង ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអង្គការសហប្រជាជាតិផងដែរ ជុំវិញលទ្ធភាពនៃការរំលោភបំពានលើទណ្ឌកម្ម ដែលបានរារាំងក្រុមហ៊ុនបរទេស កុំឲ្យបង្កើតមុខជំនួញរួមគ្នា ឬសហការជាមួយធនាគាររបស់កូរ៉េខាងជើង។
រដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុងម៉ាឡេស៊ីលោក Nur Jazlan Mohamed បានលើកឡើងថា សេចក្តីរាយការណ៍នេះ អាចបង្កជាហានិភ័យដល់កេរ្តិ៍ឈ្មោះរបស់ទីក្រុងគូឡាឡាំពួ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ និងបានអំពាវនាវឲ្យធនាគារកណ្តាល ធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ថាតើមានការប្រើប្រាស់ក្នុងផ្លូវខុសនៃប្រព័ន្ធធនាគារនៅក្នុងប្រទេសដែរ ឬយ៉ាងណានោះ។ លោក Nur Jazlan បានបន្ថែមថា ប៉ូលិសម៉ាឡេស៊ីវិញក៏គួរតែបើកការស៊ើបអង្កេតផ្ទាល់ដោយឡែកមួយទៀត ទៅលើក្រុមហ៊ុន MKP និងលោក Han ដើម្បីកំណត់ថាតើមានបទល្មើសណាមួយត្រូវបានប្រព្រឹត្តឡើងដែរ ឬអត់ផងដែរ។
គួរបញ្ជាក់ថាចំណងទាក់ទងក៏ដូចជាមិត្តភាពដ៏ជិតស្និទ្ធ រវាងម៉ាឡេស៊ី និងកូរ៉េខាងជើង បានធ្លាក់ចុះដុនដាបជាខ្លាំង បន្ទាប់ពីមានករណីឃាតកម្មទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន តាមរយៈការប្រើប្រាស់សារធាតុពុលឈ្មោះថា VX កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ នៅក្នុងរដ្ឋធានីគូឡាឡាំពួ៕