(សៀងហៃ)៖ ក្បួននាវាដឹកទំនិញរបស់កូរ៉េខាងជើង កំពុងតែធ្វើដំណើរទៅកាន់កំពង់ផែ Nampo ដែលជាដែនដីកំណើតរបស់ខ្លួនវិញហើយ ជាមួយនឹងទំនិញផ្ទុកពេញ ព្រោះប្រទេសចិនកំពុងតែអនុវត្តន៍នៅឡើយនូវទណ្ឌកម្ម ផ្អាកការនាំចូលទំនិញរ៉ែធ្យូងថ្មទាំងអស់ពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ការផ្សាយផ្តាច់មុខដោយ Reuters នារសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ប្រការដែលចិនបង្ខំចិត្តដាក់ទណ្ឌកម្ម ទាំងដែលដឹងថាកូរ៉េខាងជើងនឹងអាក់អន់ចិត្តមិនស្ទើរនេះ ក៏ព្រោះតែកូរ៉េខាងជើងខ្លួនឯង បានបន្តសកម្មភាពធ្វើតេស្តមីស៊ីលជាច្រើនលើកច្រើនសារ ដោយរំលោភទៅនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ខណៈដែលប្រទេសចិនក៏ជាប្រទេសធំមួយ ដែលត្រូវតែដើរតួនាទីមិនអាចខានបាន ក្នុងការអនុវត្តន៍ទៅតាមច្បាប់អន្តរជាតិនោះ។ ហេតុដូច្នេះទីក្រុងប៉េកាំងមិនអាចមានផ្លូវណា ដែលត្រូវនៅស្ងៀមចំពោះរាល់សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងនោះឡើយ។
គួរបញ្ជាក់ថាប្រទេសចិនបានសម្រេចហាមឃាត់ ការនាំចូលរ៉ែធ្យូងថ្មទាំងអស់ពីកូរ៉េខាងជើង ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ មកម្ល៉េះ ហើយដែលគ្រប់គ្នាដឹងថា វាជាធនធានសំខាន់បំផុតដែលទ្រទ្រង់ប្រាក់ចំណូលលើវិស័យនាំចេញរបស់កូរ៉េខាងជើង។ ការសម្រេចរបស់ចិនខាងលើនេះ វាហាក់ស្របទៅតាមការទាមទារយ៉ាងទទូចរបស់អាមេរិក ដែលចង់ឲ្យប្រទេសចិនជាបងធំបង្ហាញចំណាត់ការដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកៀបសង្កត់កូរ៉េខាងជើងឲ្យបញ្ឈប់ភាពរឹងទទឹងដាក់អន្តរជាតិ៕