(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកអាចនឹងដឹកនាំការវាយប្រហារដោយគ្រាប់មីស៊ីល សាជាថ្មីបន្ថែមទៀតលើស៊ីរី បើសិនជានៅតែមានការប្រើប្រាស់អាវុធគីមីប្រឆាំនឹងជនស៊ីវិលទៀតនោះ។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យសេតវិមានអាមេរិក លោក សន ស្ពៃសឺ (Sean Spicer) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក សន ស្ពៃសឺ បានលើកឡើងដូច្នេះថា «បន្ទាប់ពីមានការវាយប្រហារដោយអាវុធគីមី ប្រឆាំងនឹងជនស៊ីវិល យើងធានាថាបើសិនជានៅតែមានរឿងបែបនេះនៅតែកើតឡើង នោះយើងនឹងបន្តបើកការវាយប្រហារនៅស៊ីរី ហើយការវាយប្រហារនេះទៀតសោត មិនមែន ជាសារមួយសម្រាប់តែទីក្រុងដាម៉ាស់ តែមួយគត់នោះទេ ប៉ុន្តែវាក៏ជាសារព្រមានផងដែរសម្រាប់ប្រទេសដទៃៗទៀត ដែលចង់ធ្វើដូចស៊ីរី»។
គួររំលឹកថាកាលពីថ្ងៃទី០៦ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិក ឈរជើងនៅតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ បាញ់មីស៊ីល Tomahawk ចំនួន៥៩គ្រាប់លើមូលដ្ឋានទ័ពអាកាសស៊ីរី ជាការសងសឹកទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន ចោទថា របបដឹកនាំលោក អាស្សាដ បានប្រើប្រាស់អាវុធគីមីសម្លាប់មនុស្ស៨៩នាក់ នៅក្នុងខេត្ត Idlib ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការពារជាតិរុស្ស៊ីបានចាត់ទុកថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាទង្វើឈ្លានពានលើអធិបតេយ្យភាពស៊ីរី ហើយថាការវាយប្រហាររបស់យោធាស៊ីរីទៅលើខេត្ត Idlib គឺមានគោលបំណងកម្ទេចឃ្លំាងស្ដុកអាវុធគីមី គ្រប់គ្រងដោយពួក ISIS ឬអតីតរណសិរ្សអាល់ណូស្ត្រា តែប៉ុណ្ណោះ៕