(សេអ៊ូល)៖ បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងចំនួនពីររូប បានបង្ហាញពីក្តីព្រួយបារម្ភរៀងៗខ្លួន អំពីការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក រួមនិងនាវាចម្បាំងអមដំណើរប៉ុន្មានគ្រឿងទៀត មកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
នាវាដឹកយន្តហោះចម្បាំង USS Carl Vinson និងនាវាចម្បាំងអមដំណើរប៉ុន្មានគ្រឿងទៀត បានធ្វើការចល័តសាជាថ្មីម្តងទៀតមកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ បន្ទាប់ពីបានចាកចេញពីទីនោះកាលពីខែមុន ក្រោយបញ្ចប់ការចូលរួមសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង «Foal Eagle» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់២៥ ខែមីនា។ សម្រាប់ការបញ្ជូនមកវិញនូវក្រុមនាវាចម្បាំងអាមេរិកនេះបាន និងកំពុងតែដុតរោលភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េយ៉ាងខ្លាំងក្លា។
ជុំវិញស្ថានការណ៍ដ៏ក្តៅគគុកនេះ បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-In ដែលត្រូវគេជឿជាក់ថា នឹងក្លាយជាមេដឹកនាំថ្មីនៃប្រទេសអាស៊ីខាងកើតមួយនេះ បានចេញសេចក្តីថ្លែងការណ៍ថា រាល់សកម្មភាពយោធានៅលើឧបទ្វីបកូរ៉េ ដាច់ខាតមិនត្រូវធ្វើឡើងដោយគ្មានការឯកភាពយល់ព្រម ពីសំណាក់ទីក្រុងសេអ៊ូលនោះឡើយ។
ជាមួយគ្នានេះអ្នកនាំពាក្យរបស់លោក Ahn Cheol-Soo ដែលជាគូប្រជែងយ៉ាងស្វិតស្វាញរបស់លោក Moon បានលើកឡើងថា ការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងអាមេរិក មកក្បែរឧបទ្វីបកូរ៉េ គឺជាការដំឡើងសាច់ដុំដ៏ខ្លាំងក្លាមួយ ប្រឆាំងទៅនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ លោក Ahn ក៏បានបង្ហាញអំពីក្តីព្រួយបារម្ភចំពោះភាពតានតឹង នៃកម្លាំងយោធាដែលបាន និងកំពុងកើនឡើងយ៉ាងក្តៅគគុកនៅឧបទ្វីបកូរ៉េនេះផងដែរ ដោយលោកសង្កត់ធ្ងន់ថា បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងត្រូវតែដោះស្រាយដោយសន្តិវិធី។
យ៉ាងណាមិញ លោក Lee Duk-Haeong អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានថ្លែងថា ពុំមានអ្វីគួរឲ្យព្រួយបារម្ភអំពីការបញ្ជូនក្រុមនាវាចម្បាំងអាមេរិកនោះឡើយ ដោយសារតែទីក្រុងវ៉ាស៊ីនតោន តែងតែផ្តល់ការគាំទ្រលើគោលនយោបាយដោះស្រាយបញ្ហាកូរ៉េខាងជើងរបស់ទីក្រុងសេអ៊ូល ដែលសំដៅដោះស្រាយរាល់បញ្ហាដោយផ្លូវត្រជាក់៕