(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយ ក្បួននាវាពិឃាតអាមេរិក «Carl Vinson» នៅឯតំបន់ឧបទី្វបកូរ៉េ ហើយថែមទំាងព្រមានដែរថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក ត្បិតខ្លួនបានមើលឃើញថា ការបញ្ជូននាវាចម្បាំងទំាងនេះ គឺជាសកម្មភាពត្រៀមឈ្លានពានកូរ៉េខាងជើងតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
តាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ថា «ការដាក់ពង្រាយក្បួននាវា Carl Vinson នៅតំបន់ឧបទ្វីបកូរ៉េបានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមខ្លួនចូលឈ្លានពានកូរ៉េខាងជើង។ ដូច្នេះកូរ៉េខាងជើងត្រៀមខ្លួនជានិច្ចក្នុងការធ្វើសង្រ្គាមគ្រប់ទម្រង់ តាមដែលសហរដ្ឋអាមេរិកត្រូវការ។ ក៏បុន្តែទន្ទឹមគ្នាទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកទទួលខុសត្រូវទំាងស្រុង ចំពោះគ្រោះមហន្តរាយដែលអាចនឹងកើតឡើង ដោយសារតែទង្វើបង្ករឿងមិនចេះអៀនខ្មាសរបស់ខ្លួន»។
គួរបញ្ជាក់ថា ការបញ្ជូនកងនាវាពិឃាតអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Carl Vinson មកកាន់តំបន់ឧទ្វីបកូរ៉េ ធ្វើឡើងស្របពេលការព្រួយបារម្ភកើនឡើងតែខ្លាំងពាក់ព័ន្ធនឹងលទ្ធភាពនៃការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ របស់កូរ៉េខាងជើង នៅក្នុងខែមេសានេះ និងនៅក្នុងបរិបទដែលមានការលើកឡើងជាច្រើនថា លោក ដូណាល់ ត្រាំ អាចនឹងវាយប្រហារទៅលើទីក្រុងព្យុងយ៉ាង បន្ទាប់ពីបានព្រមានរបបកុម្មុយ និស្ដឯកោមួយនេះដោយប្រយោល តាមរយៈការបាញ់មីស៊ីល៥៩គ្រាប់លើមូលដ្ឋានទ័ពស៊ីរី៕