(រ៉ូម)៖ ការប៉ះទង្គិចគ្នាដោយការប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ បានផ្ទុះឡើងរវាងប៉ូលិស និងក្រុមបាតុករក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅឯទីក្រុង Lucca ភាគខាងជើងប្រទេសអ៊ីតាលី ជាទីដែលមន្រ្តីជាន់ខ្ពស់មកពីបណ្តាប្រទេស ដែលពាក់ព័ន្ធកំពុងជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗរួមមានទាំងការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ីថែមទៀតផង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
យោងតាមសកម្មភាពក្នុងខ្សែវីដេអូនៅឯកន្លែងផ្ទុះអំពើហិង្សាផ្ទាល់ កងកម្លាំងប៉ូលិសប្រដាប់ដោយដំបង និងខែលការពារបានធ្វើការបង្រ្កាបយ៉ាងចាស់ដៃទៅលើក្រុមបាតុករដែលបានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងសង្រ្គាម ក៏ដូចជាការចំណាយខ្ជះខ្ជាយលើវិស័យយោធា រួមទាំងរបបមូលធននិយមជាដើម។ ការប៉ះទង្គិចគ្នានេះបានកើតមានឡើងនៅពេលដែលក្រុមអ្នកតវ៉ាព្យាយាមបំបែកក្បួនប៉ូលិស ដើម្បីជ្រៀតចូលទៅកាន់ផ្នែកដ៏ចំណាស់នៃទីក្រុង Lucca។
នាពេលនោះក្រុមអ្នកតវ៉ាបានចោលគ្រាប់ផាវ និងវត្ថុផ្សេងៗទៀតទៅលើក្រុមប៉ូលិសខណៈអ្នកដទៃទៀតបានវាយតបតទៅវិញ ដែលជាលទ្ធផលបានបណ្តាលឲ្យមន្រ្តីប៉ូលិសយ៉ាងតិចចំនួនប្រាំនាក់ទទួលរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ហើយក៏មានសេចក្តីរាយការណ៍អំពីអ្នករងរបួសនៅក្នុងចំណោមក្រុមបាតុករផងដែរ។
គួរបញ្ជាក់ថាប្រធានបទដ៏សំខាន់មួយ ដែលត្រូវលើកយកមកពិភាក្សានៅអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ដែលបានចាប់ផ្តើមនាថ្ងៃចន្ទម្សិលមិញ គឺស្តីអំពីមធ្យោបាយក្នុងការដាក់សម្ពាធបន្ថែមទៅលើប្រទេសរុស្ស៊ី ជុំវិញគោលនយោបាយនៅស៊ីរីរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ៕