(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះបាននិយាយថា គ្មានឡើយជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងឱកាសដែលលោកបំពេញ ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងម៉ូស្គូ នៅថ្ងៃពុធស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ដូច្នេះថា «មិនមានឡើយគំរោងរៀបចំជំនួបរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ហើយលោក ធីល្លឺសុន នឹងត្រូវជួបពិភាក្សា ដោយផ្ទាល់តែជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ ប៉ុណ្ណោះ (...) យើងមិនបានប្រកាសពីជំនួបណាមួយនោះទេ ពោលគឺនៅពេលនេះ គ្មានទេជំនួបជាមួយ លោក ធីល្លឺសុន នៅឯវិមានប្រធានាធិបតី»។
គួរបញ្ជាក់ថាលោក ប៉េស្កូវ មិនបានបញ្ជាក់ឡើយថាហេតុអ្វីបានជាលោក ពូទីន គ្មានគំរោងជួបលោក ធីល្លឺសុន។ ក៏ប៉ុន្តែការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារដោយគ្រាប់មីស៊ីល៥៩គ្រាប់ លើមូលដ្ឋានទ័ពអាកាសស៊ីរីក្បែរទីក្រុង Homs កាលពីសប្ដាហ៍មុន៕